(គូឡាឡំាពួរ)៖ អាជ្ញាធរម៉ាឡេស៊ី និងអូស្ត្រាលី បានអះអាងនៅថ្ងៃសុក្រនេះថា បំណែកយន្ដហោះ ដែលត្រូវបានគេរកឃើញ នៅឯប្រទេសដីកោះ Mauritius (ម៉ូរីតានី) គឺជារបស់ជើងហោះហើរ MH370 នៃ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ នោះប្រាកដមែន។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ជាមួយគ្នានោះដែររដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានថ្លែងថាបន្ទាប់ពីការត្រួតពិនិត្យ លើបំណែកយន្ដហោះ ដែលបានមកពីការិយាល័យសុវត្ថិភាពដឹកជញ្ជូន អូស្ត្រាលី យើងពិតជាអាច សន្និដ្ឋានបានថា បំណែកនោះ ពិតជារបស់យន្ដហោះបាត់ខ្លួនប៊ូអ៊ីង៧៧៧ប្រាកដមែន។ លោក Liow Tiong Lai បានបន្ថែមថា កាលពីខែកញ្ញាកន្លងទៅ គេបានរកឃើញបំណែកយន្ដហោះជាង ២២ បំណែក នៅឯឈូងសមុទ្រនៃប្រទេសអាហ្រ្វិកខាងត្បូង ម៉ូហ្សំប៊ិក ម៉ូរីតានី និង តង់ហ្សានី ហើយដែលក្នុង ចំណោមបំណែកទំាងនេះ មានមួយចំនួនត្រូវ បានគេបញ្ជាក់ថាជាបំណែកនៃយន្ដហោះMH370។
គួររំលឹកថា ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង កាលពីថ្ងៃទី0៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្ស២៣៩នាក់ ភាគច្រើនជាជនជាតិចិន ក្នុងគោលហោះហើរពីទីក្រុងគូឡាឡំាពួរ ទៅកាន់ទីក្រុង ប៉េកំាង៕