(កណ្តាល)៖ ស្ថិតនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត លើកទី៤ អាណត្តិទី១ ជាមួយប្រជាពលរដ្ឋ នៅស្រុកពញាឮ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤, បញ្ហាទឹក ផ្លូវ ភ្លើង បរិស្ថាន ទំនាស់ដីធ្លី និងបទល្មើសនេសាទ នៅតែមានជាតម្រូវការសំណើ និងសំណូមពររបស់យ៉ាងទទូចដើម្បីចង់ឲ្យដោះស្រាយបន្ទាន់។
វេទិការនេះធ្វើឡើងក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។
ស្ថិតក្នុងឱកាសនេះ លោក នូ សាខន បានថ្លែងថា វេទិកានេះផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ បានលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋានខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើន ទ្វេឡើងថែមទៀត ស្របទៅនឹងការចង់បានរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។
លោក គួច ចំរើន បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយកាយចូលចិត្តទុកដាក់ខ្ពស់ ពិសេសត្រូវមានឥរិយាបថទន់ភ្លន់ ម៉ឺងម៉ាត់ ដោយត្រូវចងចាំថា មន្ត្រីរាជការគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ។
សូមជម្រាបថា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋនៅស្រុកពញាឮ ប្រជាពលរដ្ឋ បានលើកឡើងលើកបញ្ហាកង្វះទឹកស្អាត ស្នើសុំជួសជុលផ្លូវ ស្នើសុំផ្លូវបេតុង ស្នើសុំលូរំដោះទឹក បញ្ហាទំនាស់ដីធ្លី ការទុកដាក់សំរាមបង្កក្លិនដល់ប្រជាពលរដ្ឋ បទល្មើសនេសាទ និងស្នើសុំដាក់បង្គោលភ្លើង ព្រមទាំងរៀបចំខ្សែឱ្យមានរបៀបរៀបរយ សរុបចំនួន ៥០សំណើ និងសំណូមពរ។
ឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកណ្ដាល បានធ្វើការដោះស្រាយ និងសំណូមពរមួយចំនួនជាក់ស្ដែង នៅសល់មួយចំនួនទៀត ទទួលយកដើម្បីពិនិត្យ និងដោះស្រាយបន្ត៕