(ហៃទី)៖ ខ្យល់ព្យុះកំណាចហ៊ឺរីគែន Matthew បានឆក់យកជីវិតប្រជាជនហៃទី កើនឡើងដល់ជាង ៣០០នាក់ហើយ ដោយក្នុងនោះអ្នកស្លាប់ ៥០នាក់ ជាប្រជាជនរបស់ក្រុង Roche-a-Bateau ដែលបាន ទទួលរងការវាយប្រហារខ្លាំងជាងគេ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ សារព័ត៌មាន BBC នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ដោយឡែកការខូចខាតផ្សេងៗទៀតនៅហៃទីនោះ គឺ ទីក្រុង Jeremie អគារ ៨០ភាគរយ កំពុងលិចលង់ និង ផ្ទះ ៣០,០០០ខ្នង រងការបំផ្លាញ។ ជាមួយគ្នានេះដែរ អាជ្ញាធរសហរដ្ឋអាមេរិក ក៏បានសេចក្តីប្រកាស ជូនដំណឹងដល់ប្រជាជនជាង ១.៥លាននាក់ ជាពិសេសនៅតាមតំបន់ឆ្នេរនៃរដ្ឋផ្លូរីដា ឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ក៏ដូចជា ជម្លៀសខ្លួនចេញពីតំបន់ ដែលអាចនឹងទទួល រងការវាយប្រហារដោយ ខ្យល់ព្យុះ ដែលអាក្រក់បំផុតមិនធ្លាប់មាននៅប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ។
សូមជំរាបថា បើតាមមជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក ព្យុះ Hurricane Matthew ដែលអាចនឹង បោកបក់ ក្នុងល្បឿនខ្យល់ដល់ទៅ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថានឹង ធ្វើដំណើរទៅកាន់ឆ្នេរ សមុទ្រអាត្លង់ទិច នៃរដ្ឋផ្ល័ររីដា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋ Florida និងរដ្ឋ South Carolina ក្នុងភាពប្រកាសអាសន្ន ត្រៀមទប់ទល់នឹងព្យុះដ៏សាហាវ៕