(កំពង់ឆ្នាំង)៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន ដែលកំពុងធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំង ដកពិសោធន៍ចំណុចខ្លាំងខ្សោយការងារកន្លងមករបស់អ្ន កសារព័ត៌មាន និងបានចែកសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន ដែលបានចូលរួមដើម្បីរួមគ្នាពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
កិច្ចប្រជុំនេះ បានដំណើរការទៅយ៉ាងរលូនក្រោមវត្តមានលោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងមានអ្នកសារព័ត៌មាន កំពុងធ្វើសកម្មភាពនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមសរុបចំនួន២៧នាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំនេះលោក ហ៉ឹង ចូច បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានគឺជាមូលដ្ឋានគ្រឹះ នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងជាអាវក្រោះរបស់អ្នកសារព័ត៌មានគ្រប់រូប សម្រាប់សកម្មភាពលើ វិស័យព័ត៌មានគ្រប់ទម្រង់នៅកម្ពុជា។
ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមានគោលបំណងបន្តធានាបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រម សីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធិភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងការពារសុវត្ថិភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
លោកអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក៏បានសម្របសម្រួល និងដោះស្រាយផងដែរនូវសំណូមពរ និងការលើកឡើងអំពីចំណុចជាគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនកន្លងមករបស់អ្នកសារព័ត៌មានយើងនៅក្នុងខេត្តកំ ពង់ឆ្នាំង។
លោកអនុប្រធានមន្ទីរ ក៏បានសំណូមពរដល់អ្នកសារព័ត៌មានគ្រប់អង្គភាព សូមរក្សាសាមគ្គីភាពឲ្យបានល្អកុំវៃប្រហារគ្នា និងត្រូវរៀនសូត្រនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញ ទៅមកលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្នុងស្មារតីគោរព និងអនុវត្តឲ្យបានត្រឹមត្រូវនៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់សុខសន្តិភាព។
ក្នុងកម្មវិធីនេះ អ្នកសារព័ត៌មានទាំង២៧នាក់ ក៏ទទួលបានសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងម្នាក់ៗមួយក្បាលពីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងផងដែរ។
នៅក្នុងឱកាសនោះ អ្នកសារព័ត៌មានយើងបានរៃប្រាក់គ្នាបានចំនួន១៥ម៉ឺនរៀល ប្រគល់ជូនលោក ឈៀង ថារិទ្ធ តំណាងក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ជួយឧបត្ថម្ភដល់លោក យឹម សុក្ខារិន ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលកំពុងមានជំងឺជាទម្ងន់ ដើម្បីជួយសម្រាលការខ្វះខាតរបស់ក្រុមគ្រួសារ។ នេះគឺជាស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងពេលអ្នកសារព័ត៌មានជាមិត្តភ័ក្តរួមអាជីពជួបនូវទុក្ខលំបាកនិងការខ្វះខាត៕