(សៀមរាប)៖ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងរមណីយដ្ឋានអង្គរ ពីយូរមកហើយ ត្រូវបានទទួលការអនុញ្ញាតសាងសង់សំណង់នានា ស្របតាមគោលការណ៍ច្បាប់ និងការងារជួសជុលតូចតាច (ដោយក្រុមការងារសហគមន៍)។

រាល់សំណង់នានា ដែលនៅមានសុពលភាព ត្រូវបាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេស ដោយពុំគិតប្រាក់កម្រៃជាប្រចាំ រហូតសំណង់ទាំង នោះសង់រួចរាល់មួយរយភាគរយ។

ជាក់ស្ដែងក្នុងសប្ដាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៤ នេះ មន្ត្រី-បុគ្គលិកជំនាញ បានចុះពិនិត្យ និងផ្ដល់លក្ខណៈបច្ចេកទេសនូវសំណង់ដែលបានការអនុញ្ញាតកន្លងមកចំនួន ៣៥ករណី និងការជួសជុលតូចតាចដោយក្រុមការងារសហគមន៍ ចំនួន ៦៩ករណី ដែលស្ថិតក្នុងភូមិសាស្ត្រ ដូចខាងក្រោម៖
១. ក្រុងសៀមរាបចំនួន ២៥ករណី
២. ស្រុកបន្ទាយស្រីចំនួន ៣០ករណី
៣. ស្រុកពួកចំនួន ២៣ករណី
៤. ស្រុកអង្គរធំចំនួន ២៤ករណី
៥. ក្រុងរុនតាឯកតេជោសែន ០២ករណី

សូមបញ្ជាក់ថា សំណង់ដែលទទួលបានការអនុញ្ញាតចំនួន ១០៤ករណីនេះ មាន ៨៤ករណី កំពុងតែ ជួសជុលត្រឹមត្រូវតាមការអនុញ្ញាត និងមាន ២០ករណី មិនទាន់ជួសជុល។

ក្នុងចំណោមសំណង់ទាំង ៨៤ករណី ដែលកំពុងតែជួសជុលត្រឹមត្រូវ មានសំណង់ដែលបាន ជួសជុលរួចរាល់ជាស្ថាបពរចំនួន១៧ករណី និងសំណង់ដែលសង់ពុំទាន់រួចរាល់ តែហួសសុពលភាពមានចំនួន ០៦ករណី។

ក្រុមការងារបច្ចេកទេស និងបន្តតាមដានការសាងសង់ និងជួសជុលរហូតដល់ការ អនុញ្ញាតផុតសុពលភាព និងការសាងសង់រួចរាល់មួយរយភាគរយ៕

\