(កំពង់ធំ)៖ លោកវរសេនីយ៍ត្រី ប្រាំង សំអោក តំណាងកងកម្លាំងចម្រុះការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការស្រាលចំនួន៣ គោលដៅដែលឈរជើងប្រចាំការក្នុងកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងស្រុកសន្ទុក ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានឧបត្ថម្ភ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈជូនពួកគេ ដែលប្រចាំការនៅតំបន់អូឃ្មង ក្នុងភូមិសាស្រ្តស្រុកសណ្ដាន់តំបន់៤៤ ព្រៃអង់តែន និងតំបន់អូតាព្រហ្ម ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនកងកម្លាំង ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។ លោកបានកោតសរសើរ និងថ្លែង អំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាក្នុងការបំពេញភារកិច្ចការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមផែនការដែលបានប្រគល់ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ត្រូវការពារឲ្យបានជាដាច់ខាតមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋជាថ្មីទៀតបានឡើយ។
ចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានក្នុងរដូវប្រាំងកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាម្នាក់ឡើយ ដើម្បីមានវិធានការដាំស្តារព្រៃឈើឡើងវិញទុកជាសម្បត្តិធម្មជាតិសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន៣៥០លីត្រ អង្ករចំនួន ៣០០គីឡូក្រាម មីជាតិចំនួន ១៥កេស ត្រីខចំនួន១០យួរ ទឹកសុទ្ធចំនួន ១០០យួរ និងទឹកត្រីទឹកស៊ីអ៊ីវចំនួន៦យួរ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង៣គោលដៅ នៅពេលនេះផងដែរ៕