(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូក-ង ខ្នាតអន្តរជាតិ ចំណុះ២២នាក់ប្រចាំឆ្នាំ២០២៤ ដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋ ដូចបណ្តាលឆ្នាំកន្លងទៅ ក៏ដូចជាក្នុងគោលបំណងរក្សានូវប្រពៃណីទំនៀមទំលាប់ដូនតារបស់យើង។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ពិធីប្រណាំងទូក-ង នឹងធ្វើឡើងនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ គឺជាលក្ខណៈមិត្តភាពរវាងមន្ទីរអង្គភាពជុំវិញខេត្ត សាលាខេត្ត សាលាក្រុង ស្រុក និងទូកមកពីបណ្តាលខេត្តជាប់ព្រំដែន។ ជាមួយគ្នានេះ ក៏មានការរៀបចំពិធីតាំងលក់ផលិតផលក្នុង និងក្រៅស្រុក ការប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ និងល្បែងកំសាន្តផ្សេងៗជាច្រើនផងដែរ៕