(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះការបាត់បង់រូបឯកឧត្តម ជា ចាន់តូ ដែលជា ស្វាមី ឪពុក ឪពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះក្រុមគ្រួសារ។ជាពិសេសជាការបាត់បង់នូវឥស្សរជនថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូបក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ដែលមានឆន្ទៈ មនសិការ ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ ព្រមទាំងបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី និងលះបង់ពេលវេលា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កន្លងមក ប្រកបដោយឧត្តមគតិខ្ពស់ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។
ក្នុងខណៈវេលាដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕