(ភ្នំពេញ)៖ នាវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំកម្មវិធីចាប់រង្វាន់ពីកម្មវិធីវិក្កយបត្រនាំសំណាង ដែលនឹងប្រព្រឹត្តទៅនៅក្រុមហ៊ុន MAZDA CAMBODIA មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កម្មវិធីចាប់រង្វាន់ពីកម្មវិធីវិក្កយបត្រនាំសំណាង នឹងស្វែងរកអ្នកមានសំណាងឈ្នះរង្វាន់ធំៗជាច្រើនរួមមាន៖
* រថយន្ត MAZDA
* ម៉ូតូ HONDA DREAM
* ទូរស័ព្ទ
* ទូរទស្សន៍
* ទូរទឹកកក និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។

ការចូលរួមប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង គឺជាការរួមចំណែកដ៏សំខាន់របស់សាធារណជន ជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងកាតព្វកិច្ចសារពើពន្ធ លើកកម្ពស់វប្បធម៌នៃការបង់ពន្ធ និងអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត សំដៅធានាបរិយាកាសអាជីវកម្មប្រកប ដោយតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ដើម្បីកៀរគរប្រមូលចំណូលពន្ធ សម្រាប់អភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕