(បាត់ដំបង)៖ ក្រោមបទបញ្ជាផ្ទាល់ពី លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្ដមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការបង្រ្កាបកន្លែងជល់មាន់មួយកន្លែង ចាប់ឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនទៀត។
លោកអនុសេនីយ៍ សឿង គឹមសុង ប្រធានក្រុមបង្ការបង្រ្កាបបានប្រាប់ឲ្យដឹងថា នៅម៉ោងរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្រុមបង្ការបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាប ទីតាំងភ្នាល់ល្បែងស៊ីសង (ភ្នាល់មាន់ជល់) មួយកន្លែង ដែលស្ថិតក្នុងភូមិខ្សោយ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយសារតែផ្លូវចូលមានការលំបាកដូច្នេះហើយ ទើបក្រុមបង្ការបង្ក្រាប ឃាត់ខ្លួនបានមនុស្ស៥នាក់ ម៉ូតូ៤គ្រឿង បន្ទាប់មកកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ ទាំង៥នាក់នោះ មកកាន់ស្នងការដ្ឋាន រួចបានបញ្ជូនឲ្យការិយាល័យជំនាញដើម្បីចាត់ការបន្ត។
ក្នុងនោះដែរលោកបានណែនាំ ប្រជាពលរដ្ឋចាស់ៗ ប្រហែលជា១០នាក់ ដែលអង្គុយលេងបៀរតងនៅក្បែរកន្លែងជល់មាន់នោះ ឲ្យឈប់លេងល្បែងស៊ីសងតទៅទៀត ពួកគាត់បានត្រឡប់ទៅផ្ទះវិញដែរ។ ប៉ុន្ដែក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់ ត្រូវបានការិយាល័យជំនាញ ឲ្យធ្វើកិច្ចសន្យាបញ្ឈប់លេងតទៅទៀត និងឲ្យវិលត្រឡប់ទៅផ្ទះវិញ៕