(ភ្នំពេញ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបដើម្បីធ្វើការវាយតម្លៃផ្ទៃដីដាំដុះតំបន់ផលិតកម្មស្វាយចន្ទី គឺងាយស្រួលសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី។
ការថ្លែងបែបនេះធ្វើឡើងនៅក្នុង «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារស្ដីពី តំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា» ដែលបានរៀបចំឡើងដោយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។
ដំណាំស្វាយចន្ទី ជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា និងមានកេរ្តិ៍ឈ្មោះល្បី ជាពិសេសមានការទទួលស្គាល់លើទីផ្សារអំពីគុណភាព រសជាតិ ទំហំគ្រាប់ និងពូជប្រពៃណី។ បច្ចុប្បន្ននេះ ខេត្ត ដែលបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ធំ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តសៀមរាប, ខេត្តកំពង់ចាម, ខេត្តឧត្តមានជ័យ, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រះវិហារ, ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំងជាដើម។
តាមរយៈការវាយតម្លៃរបស់ អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាមានលក្ខខណ្ឌដីសមស្របខ្ពស់ ដែលមានសក្តានុពលសម្រាប់ដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១,២៤លានហិកតា ហើយបច្ចុប្បន្ននេះផ្ទៃដីដែលបានដំណាំស្វាយចន្ទីសរុបមានប្រមាណតែ៥៨ម៉ឺនហិកតា ក្នុងនោះ ខេត្តកំពង់ធំបានដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ សរុបមានចំនួនប្រមាណជិត ១៥ម៉ឺនហិកតា។
ដោយឃើញពីសក្តានុពល និងកាលានុវត្តភាពនៃការបង្កើនតម្លៃបន្ថែមដំណាំស្វាយចន្ទី ខណៈលទ្ធភាពកែច្នៃក្នុងស្រុកនៅមានកម្រិត ហើយការនាំចេញដោយមិនមានការកែច្នៃ បានធ្វើឱ្យបាត់បង់តម្លៃបន្ថែមច្រើន។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលកន្លងទៅ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបច្ចុប្បន្នលោកជាប្រធានព្រឹទ្ធសភាកម្ពុជា មានឆន្ទៈមោះមុត និងចក្ខុវិស័យច្បាស់លាស់ ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេ នៅលើពិភពលោក។
ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំនិងដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលគោលនយោបាយនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មស្វាយចន្ទីកែច្នៃ និងជំរុញការនាំចេញស្វាយចន្ទីកែច្នៃរួច ដើម្បីបង្កើនតម្លៃបន្ថែមបង្កើតការងារនិង លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងផ្គត់ផ្គង់ស្វាយចន្ទីដល់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងលើពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើ ជាមួយបណ្តាប្រទេសនានា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ជាច្រកនាំចេញទំនិញរបស់ក្រុមហ៊ុនពហុជាតិនៅកម្ពុជា ទៅកាន់ទីផ្សារធំៗនៅគ្រប់ទិសទី។
បន្ថែមលើគោលនយោបាយនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះ ដើម្បីពង្រឹងក្របខណ្ឌគតិយុត្ត ដែលមានលក្ខណៈបើកចំហ បង្កើនភាពប្រកួតប្រជែង លើកកម្ពស់ពិពិធភាព និងធ្វើបរិវត្តកម្មកម្ពុជា ឱ្យក្លាយជាគោលដៅវិនិយោគនៅក្នុងតំបន់។ ក្នុងនោះ ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារ ដែលបម្រើឱ្យទីផ្សារក្នុងស្រុក និងការនាំចេញ នឹងទទួលបាននូវការលើកទឹកចិត្តជាច្រើន ទាំងការលើកទឹកចិត្តផ្នែកពន្ធ និងកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗ ។
ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទី និងវិស័យកសិកម្មកម្ពុជាជារួម ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យខាងលើ។ ក្នុងន័យនេះរាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្ត្រជាក់លាក់។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព សម្រាប់ចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងវិស័យកសិកម្មពោលគឺ៖ កម្មវិធីទី៥ «ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ» និងកម្មវិធីទី៦ «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅ គ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិករនៅតាមទីជនបទ»។
ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ កម្មវិធីគោលនយោបាយអាទិភាពទាំង២នេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យកសិកម្មទាំងមូល ក៏ដូចជាក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទីផងដែរ។
ដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី ក្នុងនោះរួមមាន៖
(១)៖ការពង្រឹង និងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេចសិន ពោលគឺផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន, (២)ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារ ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា, (៣) ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទី និង(៤) ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃនិងការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុកនិងកែច្នៃគ្រាប់ស្វាយចន្ទី។
រដ្ឋលេខាធិការនៃក្រសួងកសិកម្ម លោក តូច ប៊ុនហួរ បានថ្លែងថា ក្នុងរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងតាមការណែនាំ និងតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករទូទាំងប្រទេស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ហើយបានធ្វើឱ្យផលិតកម្មដំណាំកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
លោកបានបន្តថា ជាក់ស្តែង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ដំណាក់កាលទី១ មានចំនួន ២៥០នាក់ និងដំណាក់កាលបន្តនឹងជ្រើសរើសចំនួន ១, ០០០នាក់បន្ថែមទៀត នៅចុងឆ្នាំ២០២៤នេះ ហើយមន្ត្រីទាំងនេះ ត្រូវបំពេញបេសកកម្មក្នុងការជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករ។
បើតាមលោក តូច ប៊ុនហួរ ទោះបីជាអនុវិស័យដំណាំស្វាយចន្ទីទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងមានការអភិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់ ក៏អនុវិស័យនេះនៅជួបប្រទះបញ្ហាប្រឈមចំបងៗមួយចំនួន ដូចជា៖
*ទី១៖ ផលិតកម្មដំណាំទទួលបានទិន្នផល និងប្រសិទ្ធភាពសេដ្ឋកិច្ចទាប (បញ្ហា៖ កសិករខ្លះដាំជាលក្ខណៈគ្រួសារ មិនថែទាំ មានពូជជាង៥០ឆ្នាំ សម្រាប់តែការពារខ្យល់, ការប្រើប្រាស់ជីថ្នាំ តំបន់ខ្លះច្រើន តំបន់ខ្លះតិចតួចពេក ប្រើថ្លៃដើមច្រើន ទោះប្រមូលផលច្រើនក៏មានបញ្ហា)
*ទី២៖ ធនធានសម្រាប់បម្រើឱ្យការងារស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនវានុវត្តន៍ថ្មីៗនៅមានកម្រិត
*ទី៣៖ កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មនិងការកែច្នៃ
*ទី៤៖ ធាតុចូលកសិកម្មមានតម្លៃខ្ពស់ និងថ្លៃដើមផលិតកម្មខ្ពស់
*ទី៥៖ ការយល់ដឹងអំពីការគ្រប់គ្រងនិងប្រើប្រាស់ដី និងជីកសិកម្មមិនទាន់ទូលំទូលាយ
*ទី៦៖ តម្លៃកសិផលនៅលើទីផ្សារឡើងចុះមិនទៀងទាត់
*ទី៧៖ សហគមន៍កសិកម្មមិនទាន់មានសមត្ថភាពរឹងមាំ
*ទី៨៖ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភានៅមិនទាន់បង្កើតបានគ្រប់គ្រាន់នៅឡើយ។
លោករដ្ឋលេខាធិការបានឱ្យដឹងថា ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនេះ សូមអង្គភាពពាក់ព័ន្ធយកចិត្តទុកដាក់នូវចំណុចគន្លឹះមួយចំនួន ដូចតទៅ៖
*ចំណុច១៖ ដំណាំស្វាយចន្ទីជាដំណាំអាទិភាពមួយ ដែលផ្តល់នូវប្រភពចំណូលដ៏សំខាន់ ហេតុនេះតាមរយៈការប្រើប្រាស់ផែនទីផ្កាយរណប ដើម្បីតាមដាន ធ្វើការវាយតម្លៃនូវផ្ទៃដីដាំដុះតំបន់ផលិតកម្មស្វាយចន្ទី ងាយស្រួលសម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី
*ចំណុច២៖ ការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំស្វាយចន្ទី តាមរយៈការផ្តល់សេវាបច្ចេកទេស ការគ្រប់គ្រងផ្គត់ផ្គង់ធាតុ ចូលកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម
*ចំណុច៣៖ កម្ពុជាមានស្វាយចន្ទី ក្នុងបរិមាណយ៉ាងច្រើន ដែលនាំចេញទៅប្រទេសជិតខាងដោយមិនទាន់កែច្នៃ ដែល បណ្តាលឱ្យបាត់បង់ការងារនិងតម្លៃបន្ថែម។ ក្នុងន័យនេះ ត្រូវជំរុញការកែច្នៃ ការនាំចេញ និងបង្កើនតម្លៃ បន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញវិនិយោគ បន្ថែមព្រមទាំងរក្សាទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មី។
ជាចុងបញ្ចប់ លោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានជាវិជ្ជមាន របស់នាយកដ្ឋាន គ្រប់គ្រងធនធានដឹកសិកម្មនៃអគ្គនាយដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាន សហការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិក្នុងការសិក្សាស្រាវជ្រាវ និងប្រើប្រាស់វិធីសាស្ត្រថ្មីៗ ដើម្បីផលិតផែនទីតំបន់ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផល ដែលត្រូវផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ តាមរយៈការរៀបចំពិធីនេះឱ្យប្រព្រឹត្តទៅ ក្នុងបរិយាកាសមួយប្រកបដោយភាតរភាព ពោរពេញដោយអត្ថន័យ និងមោទនភាពយ៉ាងក្រៃលែង៕