(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការដាក់ចេញនូវគោលនយោបាយបើកចំហ សេដ្ឋកិច្ចទីផ្សារ សេរីរបស់រាជរដ្ឋាភិបាល និងការរក្សាបាននូវស្ថិរភាពនយោបាយ ព្រមទាំងសុខ សន្តិភាពជូនប្រជាជន និងវិនិយោគិន គឺជាកត្តាដែលនាំឲ្យ កម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់គម្រោងវិនិយោគតូចធំ ដែលបាននាំមកនូវប្រាក់ចំណូលជូនជាតិ និងឱកាសការងារដ៏សម្បូរ បែបសម្រាប់ប្រជាពលរដ្ឋគ្រប់វ័យ។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើង ក្នុងឱកាសសម្ពោធសាខាហាងកាហ្វេ Starbucks នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី បន្តទៀតថា «ពិធីបើកសម្ពោធហាងកាហ្វេ Starbucks នាថ្ងៃនេះ ពិតជាឆ្លុះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល បានប្រឹងប្រែងស្តារ និងកសាងប្រទេសឲ្យមានភាពរីកចម្រើនស្ទើរគ្រប់វិស័យ។ វត្តមានហាង កាហ្វេ Starbucks ដែលជាសាខាទី៣ថ្មីនេះ ក៏នឹងជួយបង្កើនទំនុកចិត្តសម្រាប់វិនិយោគិនបរទេសដ៏ទៃទៀត ឲ្យចូលមក វិនិយោគកាន់តែច្រើននិងរួម ចំណែកប្រែក្លាយកម្ពុជាឲ្យទៅជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ នៅក្នុងតំបន់ ហើយក្រសួងពាណិជ្ជកម្ម នឹងផ្តល់ការគាំទ្រយ៉ាងមុតមាំ ដើម្បីធ្វើឲ្យប្រតិបត្តិការអាជីវកម្មនេះ ទទួលបានជោគជ័យ»។
សូមបញ្ជាក់ថា យោងតាមប្រភពទិន្ន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០១៥ កម្ពុជាបានទាក់ទាញវិនិយោគ ដោយផ្ទាល់ពីបរទេស ជាមួយមូលធនវិនិយោគសរុប ៣,៣១៥លានដុល្លារ ហើយក្នុងនោះមូលធន៤០% បានវិនិយោគនៅក្នុងវិស័យ ឧស្សាហកម្ម៣៧% វិនិយោគនៅ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ១៣% វិនិយោគនៅក្នុងវិស័យកសិកម្ម និង១០%ទៀត វិនិយោគនៅក្នុង វិស័យទេសចរណ៍។
ជាកិច្ចឆ្លើយតបលោក Mark Ring ប្រធានគ្រប់គ្រងក្រុមហ៊ុនកាហ្វេ Starbucks បានឲ្យដឹងថា«ខ្ញុំក៏សប្បាយរីករាយដូចគ្នា នូវការស្វាគមន៍ដ៏កក់ក្ដៅរបស់កម្ពុជា ពិសេសនៅថ្ងៃនេះតែម្ដង ខ្ញុំពិតជាអរគុណដល់អតិថិជនទាំងអស់ដែលគាំទ្រនូវហាងកាហ្វេ Starbucksនេះ តាំងពីសាខាហាងទី១ រហូតមកដល់សាខាទី៣ថ្មីនេះ»។
គួររម្លឹកថា កាហ្វេ Starbucks លំដាប់ពិភពលោកនេះ មានដើមកំណើតនៅសហរដ្ឋអាមេរិក អស់រយៈពេល៤៥ឆ្នាំមកហើយ ។ បច្ចុប្បន្នក្រុមហ៊ុនកាហ្វេ Starbucks បានពង្រីកសាខារបស់ខ្លួនបានជាង៦.២០០កន្លែងនៅប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិក។ សម្រាប់កម្ពុជា Starbucks បានពង្រីកបាន៣សាខា ទីមួយនៅបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទីពីរ នៅផ្សារទំនើបអ៊ីអនម៉ល និងទីបី នៅតំបន់បឹងកេងកង៕