(ឥណ្ឌូនេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញពិសារអាហារមិត្តភាព សំណេះសំណាល និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Chairul Tanjung ប្រធានក្រុមហ៊ុន CTCORP អតីតទេសរដ្ឋមន្រ្តីទទួលបន្ទុកសេដ្ឋកិច្ច និងជាអ្នកជំនួញល្បីល្បាញលំដាប់មហាសេដ្ឋីលេខរៀងទី៧ នៃប្រទេសឥណ្ឌូនេសុី នៅទីក្រុងហ្សាកាតា កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកអំពីវឌ្ឍនភាពនៅក្នុងសហគមន៍ឥស្លាម ដែលមានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ និងឱកាសវិនិយោគមួយចំនួនជូនលោក Chairul Tanjung ជ្រាបថា កម្ពុជាសម្បូរវត្ថុធាតុដើម ដែលមានគុណភាព តម្លៃពលកម្មនៅមានកម្រិត ទាប មានច្បាប់វិនិយោគការពារអ្នកវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាក៏មានច្បាប់អនុគ្រោះលើកលែង បន្ធូរបន្ថយពន្ធជាច្រើន សម្រាប់អ្នកវិនិយោគបរទេស ក្នុងស្រុក ដែលជាឱកាសសម្រាប់វិនិយោគិន មកធ្វើការវិនិយោគលើ វិស័យសំខាន់ៗមានដូចជា កសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ការផលិតម្ហូបអាហារ ធនាគារ និងវិស័យផ្សេងៗជាច្រើនថែមទៀត។
លោកក៏បានលើកឡើង ពីភាពរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់ការងារវិនិយោគ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើន មានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត។ ជាពិសេសកម្ពុជា កំពុងជីកព្រែកហ្វូណនតេជោ និងកំពង់ផែសមុទ្រទឹកជ្រៅ។ល។ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការកើនឡើងជាបន្តបន្ទាប់។
ជាមួយគ្នានោះ លោកបណ្ឌិត Chairul Tanjung បានលើកឡើងដែរថា កាលពីជិត២០ឆ្នាំមុន លោកបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ហើយបើប្រៀបធៀបកម្ពុជាពេលនោះ និងពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយខ្លាំងណាស់ ព្រោះកម្ពុជាសព្វថ្ងៃនេះ មានសុខសន្តិភាព ប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិេសសការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចបានយ៉ាងសស្រាក់សស្រាំ។ លោកជាអ្នកជំនួញដែលមានមុខជំនួញធំៗជាច្រើននៅឥណ្ឌូនេស៊ី ដូចជាផ្នែកអចលនទ្រព្យ ធនាគារ ធានារ៉ាប់រង ប្រព័ន្ធផ្សព្វផ្សាយដែលស្ថិតក្រោមបុត្រសម្ព័នក្រុមហ៊ុន CT Corp រួមមានមាន៖
ប្រព័ន្ធផ្សព្វផ្សាយមានដូចជា៖ Trans TV, Trans 7, Detik Network, CNBC Indonesia, CNN Indonesia, Transvision Channels, Transvision+, Female Daily, Trans Media Sosial, Haibunda, និង Beautynesia។
វិស័យម្ហូបអាហាររួមមានម៉ាកល្បីៗដូចជា Wendy's, Baskin Robbins, The Coffee Bean & Tea Leaf, Bakso Boedjangan, Warung Wardani Bali, និង Warunk Upnorma។វិស័យរចនាម៉ូតរួមមាន ម៉ាកល្បីៗដូចជា Jimmy Choo, Versace, Mango, និងម៉ាកផ្សេងៗមួយចំនួន។ វិស័យហិរញ្ញវត្ថុរួមមាន ធនាគា PT Bank Mega Tbk, PT Mega Capital Indonesia, Mega Life Insurance, Mega Auto Finance និង Mega Finance។
ក្រុមហ៊ុនបម្រើសេវាលើវិស័យទេសចរណ៍ការរៀបចំឯកសារដំណើរកំសាន្ត និងផ្នែកអចលនទ្រព្យរួមមានសម្ព័នក្រុមហ៊ុន Para Group, និងមាន Bandung Supermall ដ៏ធំមួយនៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេសុី។
លោកបានសន្យានឹងអញ្ជើញមកទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តសៀមរាប នឹងតំបន់សំខាន់មួយចំនួននៅកម្ពុជានាពេលខាងមុខឆាប់ៗនេះ និងកៀរគរអ្នកវិនិយោគផ្សេងទៀត ដើម្បីមកពិនិត្យសិក្សាឱកាសវិនិយោគលើវិស័យសំខាន់ៗផងដែរ។
លោកបណ្ឌិត Chairul Tanjung បានផ្តល់អាហារូបករណ៍កម្រិតអនុវិទ្យាល័យចំនួន១០កន្លែង ដល់សិស្សានុសិស្សរៀនពូកែ និងមានជីវភាពខ្វះខាត ដោយស្នើឲ្យលោកបណ្ឌិត អូស្មាន ហាស្សាន់ ជាអ្នកជ្រើសរើស។ លោកបានបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់ឲ្យសិក្សានៅសាលាកម្រិតអន្តរជាតិ ប្រទេសឥណ្ឌូនេសុី រហូតចប់វិទ្យាល័យ និងបន្តទៅថ្នាក់ឧត្តមសិក្សាថែមទៀតដែលអាចក្លាយជាអ្នកមានវិជ្ជាមុតស្រួចពេលអនាគត ដោយរាល់ការចំណាយទាំងឡាយ នឹងផ្គត់ផ្គង់គាំទ្រ៕