Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតកម្ពុជានៅឥណ្ឌូនេស៊ី កំពុងអន្ដរាគមន៍ជួយពលករខ្មែរ២០នាក់ ដែលជាប់ឃុំនៅប្រទេសឥណ្ឌូនេស៊ី មកមាតុភូមិវិញ

07-10-2016 12:11

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី បាននឹងកំពុងសហការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី និងអង្គការអន្ដរជាតិទេសសន្ដរប្រវេសន៍(IOM) នៅទីក្រុងហ្សាការតា ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍វិញរបស់ពលរកខ្មែរ២០នាក់ ដែលជាជនរងគ្រោះដោយសារការរត់ពន្ធមនុស្ស ហើយកំពុងជាប់ឃុំនៅក្នុង ប្រទេសឥណ្ឌូនេស៊ី ខណៈដែលពលរកខ្មែរម្នាក់បានដោះលែងកាលពីខែកញ្ញា ថ្មីៗនេះ។

បើតាមលិខិត របស់ក្រសួងការប​រទេស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ បញ្ជាក់ថា ពលករខុសច្បាប់ដែល គេសង្ស័យថា ជាជនជាតិខ្មែរ១៨នាក់ កំពុងជាប់ឃុំនៅការិយាល័យអន្ដោប្រវេសន៍ Kantor Immigration Class III Tarempa ប្រចាំកោះ Riau ដែលមានចម្ងាយពីប្រមាណ១,៦០០គីឡូម៉ែត្រ ពីទីក្រុងហ្សាការតា ហើយពេលនេះ អាជ្ញាធរឥណ្ឌូនេស៊ី បានទទួលស្គាល់ថា ជាជនរងគ្រោះដោយការរត់ពន្ធមនុស្ស ហើយកំពុងរៀបចំនីតិវិធីដោះលែង តាមសំណើរបស់ស្ថានទូតកម្ពុជា។ រីឯពលករខ្មែរ២នាក់ទៀត ដែលកំពុងជាប់ឃុំនៅការិយាល័យអន្ដោប្រវេសន៍ ប្រចាំកំពង់ផែ Belawan ក្នុងខេត្ត Medan ​ក៏​កំពុងរៀបចំនីតិវិធីដោះលែង តាមសំណើរបស់ស្ថានទូតកម្ពុជាដូចគ្នា។

ក្រសួងការបរទេស បន្ថែមថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានអន្ដរាគមន៍បញ្ជូនពលរកខ្មែរម្នាក់ ដែលជាប់ឃុំនៅកោះបាលី មកមាតុភូមិវិញផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត សូមឲ្យពលរដ្ឋខ្មែរទាំងអស់មានការប្រុងប្រយ័ត្ន អោយបានខ្លាំង ចំពោះការអូសទាញបញ្ចុះ​បញ្ចូលបោកប្រាស់ភូតកុហកគ្រប់បែបយ៉ាងពី​សំណាក់​មេខ្យល់ ដែលប៉ុន​ប៉ង​នាំបងប្អូនទៅធ្វើការខុសច្បាប់នៅប្រទេសនានា ឬទៅរៀបការ ជាមួយជនបរទេស៕