(ព្រះសីហនុ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបញ្ជាក់ជាថ្មីទៅភាគីពាក់ព័ន្ធថា ប្រទេសកម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រីបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅនៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង៣០០នាក់។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាដែលត្រូវបានប៉ាន់ប្រមាណនេះ ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។
លោកបណ្ឌិត អ៊ាង សុផ្លែត បានថ្លែងដូច្នេះថា៖ «នៅថ្នាក់ជាតិ, កម្ពុជាបានអនុម័តការរួមចំណែកថ្នាក់ជាតិដែលបានធ្វើបច្ចុប្បន្នភាព (NDC) ជាមួយនឹងគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបប្រហែល៤២ភាគរយ នៅឆ្នាំ២០៣០ គ្របដណ្តប់លើគ្រប់វិស័យសំខាន់ៗ ជាមួយនឹងតម្រូវការហិរញ្ញវត្ថុប៉ាន់ស្មានជាង ៧ពាន់លានដុល្លារអាមេរិក។ យើងក៏បានដាក់ជូនយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់អព្យាក្រឹតកាបូន ទៅសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងឆ្នាំ២០២១»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយចូលជាធរមាននៅខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងធានាបាននូវការពង្រឹង និងកែលម្អការគ្រប់គ្រងបរិស្ថាន ការការពារ ការអភិរក្ស និងការស្តារធនធានធម្មជាតិ ជីវចម្រុះ ទ្រព្យសម្បត្តិវប្បធម៌ និងការរស់នៅប្រកបដោយនិរន្តរភាព។ លើសពីនេះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញយុទ្ធសាស្រ្តបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើភាពស្អាត ភាពបៃតង និងនិរន្តរភាព ដើម្បីផលប្រយោជន៍ដល់ប្រជាជនកម្ពុជា ធានាបាននូវការឆ្លើយតបបរិស្ថានទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍបៃតង។ គ្រាដែលកម្ពុជា បានដាក់គោលដៅក្លាយជាប្រទេសមានអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
យោងតាមការព្យាករណ៍អាកាសធាតុរបស់ធនាគារពិភពលោក បង្ហាញថា ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុបអស់៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាងាយរងគ្រោះខ្លាំងចំពោះការប្រែប្រួលអាកាសធាតុ ដោយការកើនឡើងសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅទូទាំងវិស័យភាគច្រើន៕