(សេអ៊ូល)៖ ក្រុមអ្នកតាមដានដែលមានទីតាំងនៅសហរដ្ឋអាមេរិក បានឲ្យដឹងតាមរយៈរូបភាពដែល ចាប់បានពីផ្កាយរណបថា ការកើនឡើងនៃសកម្មភាពនៅឯទីតាំងសម្រាប់ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង អាចជាសញ្ញានៃការប្រមូលយកទិន្នន័យ ពីការធ្វើតេស្តនុយក្លេអ៊ែរ កាលពីដើម ខែកញ្ញា ឬអាចជាការរៀបចំបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរ មួយថ្មីផ្សេងទៀត។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ក្រុមអ្នកតាមដានឈ្មោះ The 38 North ដែលគ្រប់គ្រងដោយមហាវិទ្យាល័យ Johns Hupkins នៃ សហរដ្ឋអាមេរិកបានអះអាងថា មានសកម្មភាពនៅតាមរូងក្រោមដីទាំងបី នៅទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើង ដែលមានការចូលរួមពីយានយន្តធំៗ និងមនុស្សម្នា ជាច្រើននាក់។
ក្រុម The 38 North បាននិយាយទៀតថា «មូលហេតុមួយដែលអាចនៅពីក្រោយ សកម្មភាពនេះ គឺការប្រមូលទិន្នន័យពីការធ្វើតេស្តនុយក្លេអ៊ែរ កាលថ្ងៃទី០៩ ខែកញ្ញា ប៉ុន្តែគោលបំណងផ្សេងៗទៀត ដូចជាការត្រៀមរៀបចំសម្រាប់ការបំផ្ទុះសាកល្បង គ្រាប់នុយក្លេអ៊ែរថ្មីមួយទៀតនោះ ក៏អាចទៅរួចផងដែរ»។
គួរបញ្ជាក់ដែរថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនជាស្រេចសម្រាប់ការ ធ្វើតេស្តគ្រាប់នុយក្លេអ៊ែរបន្ថែមទៀត ដែលអាចនឹងប្រព្រឹត្តទៅបានគ្រប់ពេល ហើយប្រទេសកុម្មុយនិស្ត មួយនេះ ទំនងជាអាចនឹងអបអរទិវាគំរប់ខួប នៃការបង្កើតគណបក្សពលកររបស់ខ្លួន នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ជាមួយនឹងការបំផ្ទុះគ្រាប់នុយក្លេអ៊ែរ។ ប៉ុន្តែយ៉ាងណាមិញក្រសួងបង្រួបបង្រួមជាតិ កូរ៉េខាងត្បូង បានបញ្ជាក់ថា គ្មានសញ្ញាអ្វីមួយ ដែលបានបង្ហាញអំពីគំរោងនៃការធ្វើតេស្តនុយក្លេអ៊ែរ ចំពេលខួបថ្ងៃទី១០ខែតុលានោះឡើយ៕