(ព្រះសីហនុ)៖ លោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរ ក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ ដល់ភ្នាក់ងារដឹកជញ្ជូនម្ហូបអាហារ (Nham24 ) ចំនួន៤២នាក់។
កម្មពិធីនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គអង្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបានរៀបចំធ្វើឡើងនៅវេទិកា ៧មករាខេត្ត ដែលស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ និងតំណាងក្រុមហ៊ុនញ៉ាំ២៤ (Nham24 ) ព្រមទាំងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោកដល់ភ្ងាក់ងារដឹកជញ្ជូនយកទៅអានដើម្បីស្វែងយល់បន្ថែមពីច្បាប់ចរាចរណ៍ផ្លូវគោក ។
ក្នុងបទបង្ហាញនេះ នគរបាលជំនាញមានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើងដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរលោកសំណូមពរដល់ប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»៕