(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេស និងផ្គត់ផ្គង់អុជកាំជ្រួច និងបណ្តែតប្រទីប ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅថ្ងៃទី១៤,១៥ ខែវិច្ឆិកា ខាងមុខនេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក អ៉ឺង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស និងលោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងជាអនុប្រធានគណៈកម្មការបច្ចេកទេស ព្រមទាំងមន្ទីរ អង្គភាព ពាក់ព័ន្ធចូលរួមផងដែរ។
ក្នុងឱកាសនោះ លោក សន សេរីវុទ្ធី បានលើកឡើងថា មកដល់ពេលនេះលេខាធិការដ្ឋាននៃគណៈកម្មការ បានទទួលក្នុងការចុះឈ្មោះទូក ដែលត្រៀបចូលរួមប្រកួតអុំ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅថ្ងៃទី១៤,១៥ ខែវិច្ឆិកាខាងមុខនេះផងដែរ។
លោក អ៉ឹង គឹមលាង បានបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងបានទស្សនាកម្សាន្តសប្បាយ ព្រមទាំងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។
លោកបន្តថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការខុសប្លែកពីបណ្តាឆ្នាំមុនៗ ហើយក៏ជាកិត្តិយសផងដែរ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក បានចូលរួមធ្វើការប្រកួត បើកវគ្គដំបូង ដើមី្បអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងមានការទទួលជ័យលាភីផងដែរ។
លោក អ៉ឹង គឹមលាង ក៏បានណែនាំមួយចំនួន ដល់ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំទីលានប្រកួតឲ្យបានល្អ ទាំងសោភ័ណ្ឌភាព បរិស្ថាន អនាម័យ និងធានាសុវត្ថិភាព ដល់ក្រុមកីឡាករ។ ម៉្យាងទៀត អនុគណៈកម្មការបច្ចេកទេស ត្រូវមើលការខុសត្រូវខ្ពស់លើការចាប់ផ្គូរផ្គងទូក ទៅតាមប៉ូលនីមួយៗ ប្រកបដោយភាពសុក្រឹត្យ និងគ្រប់គ្រងឲ្យបានចំនួនកីឡាករ កីឡាការិនី ចំណុះទូកនិមួយៗឲ្យបានត្រឹមត្រូវ ទៅតាមឈ្មោះកីឡាករ ដែលគណៈកម្មការទទួលបាន។
លោកក៏បានជំរុញដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលពុំទាន់មានទូក ក៏ត្រូវប្រញ៉ាប់កំណត់ទូក ដែលខ្លួនត្រូវធ្វើការឧបត្ថម្ភ និងគាំទ្រក្នុងការគ្រប់គ្រងកីឡាករ ក្នុងពេលហ្វឹកហាត់ និងកំណត់ទីកន្លែងស្នាក់នៅផងដែរ។ អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឲ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជា កម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ។
ដោយឡែក នៅរសៀលថ្ងៃនេះដែរ អនុគណៈកម្មការផ្គត់ផ្គង់ អុជកាំជ្រួច និងបណ្តែតប្រទីប ក៏បានបើកការប្រជុំរបស់ខ្លួន ក្រោមការដឹកនាំរបស់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការផ្គត់ផ្គង់ អុចកាំជ្រួច និង បណ្តែតប្រទីប ក្នុងសេចក្តីរាយការណ៍ របស់អនុប្រធានអនុគណៈកម្មការ បានលើកឡើងពីគម្រោងលើការចំណាយ ក្នុងការរៀបចំធ្វើប្រទីបរបស់សាលាខេត្ត និងការរៀបចំតុបតែង សោភ័ណ្ឌភាព នៅតាមដងមាត់ស្ទឹង និងការគ្រប់គ្រងប្រទីប តាមបណ្តាមន្ទីរ អង្គភាពផងដែរ។
លោក ង៉ូវ សេងកាក់ បានបន្តថា ការរៀបចំប្រទីបរបស់មន្ទីរ អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ ពីសុវត្ថិភាពជាចំបង ចំពោះការរៀបចំខ្សែចរន្តអគ្គិសនី នៅតាមប្រទីបរបស់ខ្លួន។
លោកបញ្ជាក់ថា ប្រទីបនីមួយៗធ្វើយ៉ាងណាត្រូវរំលេចនូវអត្តសញ្ញាណ អត្ថន័យពីប្រទីបរបស់ខ្លួន ក្នុងការទាក់ទាញអារម្មណ៍ដល់ប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ដែលមកចូលរួមកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤នេះ ដែលជាឆ្នាំទស្សនាសៀមរាបផងដែរ៕