(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) លើកទី១១ និងកិច្ចប្រជុំពាក់ព័ន្ធ។ អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត និងអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងអាស៊ាន ដែលអាចបម្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
នៅរសៀលថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) បូកបី លើកទី ១១។ កិច្ចប្រជុំបានពិភាក្សាជុំវិញវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងសិល្បៈ តាមរយៈផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងវិស័យវប្បធម៌ និងសិល្បៈ ឆ្នាំ២០២២ ដល់ ២០២៥។
បណ្ឌិត កៅ គឹមហួន ក៏បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ជាមួយចិន លើកទី ៧។ កិច្ចប្រជុំបានទទួលស្គាល់ពីទំនាក់ទំនងវប្បធម៌កាន់តែស៊ីជម្រៅរវាងអាស៊ាន និងចិន ជាមួយនឹងការយកឆ្នាំ២០២៤ និង២០២៥ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនអាស៊ាន-ចិន។
អគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ជាមួយជប៉ុន លើកទី៦។ កិច្ចប្រជុំបានធ្វើបច្ចុប្បន្នភាពនៃការអនុវត្តគំនិតផ្តួចផ្តើមរួមជាមួយជប៉ុន តាមរយៈផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក្នុងវិស័យវប្បធម៌ និងសិល្បៈឆ្នាំ២០២២ ដល់ ២០២៥។
បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ (AMCA) ជាមួយសាធារណរដ្ឋកូរ៉េ លើកទី៦។ កិច្ចប្រជុំបានធ្វើការកោតសរសើរអំពីវឌ្ឍនភាពនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ក្នុងវិស័យវប្បធម៌ និងសិល្បៈ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពពីគំនិតផ្តួចផ្តើមរួមជាមួយកូរ៉េ និងកិច្ចសន្ទនាគោលនយោបាយកំពុងបន្តជាមួយទីភ្នាក់ងារសេវាបេតិកភណ្ឌកូរ៉េ។
អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រី និងតំណាងមកពីប្រទេសអាស៊ានបូកបី បានជួបជាមួយគណៈប្រតិភូនៃយុវជនអាស៊ាន និងវេទិកាបេតិកភណ្ឌ។ នៅក្នុងឱកាសនោះ មេដឹកនាំពេលអនាគតវ័យក្មេង ត្រូវបានលើកទឹកចិត្តឱ្យចូលរួមយ៉ាងសកម្ម និងការពារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់តំបន់ ដែលជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណអាស៊ាន។
នៅល្ងាចថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកម្មវិធីសិល្បៈអាស៊ាន នៅក្នុងទីក្រុងប្រវត្តិសាស្ត្រ Melaka ដែលមានអ្នកសំដែងវប្បធម៌មកពីប្រទេសសមាជិកអាស៊ាន និងប្រទេសបូកពី ព្រមទាំង ទីម័រខាងកើត មកសំដែង ដោយឆ្លុះបញ្ចាំងពីវប្បធម៌ដ៏រស់រវើក និងបេតិកភណ្ឌដ៏សម្បូរបែបរបស់អាស៊ាន៕