(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រីក៏បានលើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន៕