(ភ្នំពេញ)៖ លោកបណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតី ក្នុងការបើកសិក្ខាសាលាចែករំលែកស្ដីពី «បច្ចេកទេសថ្មី និងការប្រើប្រាស់ផលិតផលកៅស៊ូក្រាលថ្នល់(Asphalt)-Latest Improvement and Applications of Asphalt Products រៀបចំឡើងដោយក្រុមហ៊ុន ធីបកូ អេសហ្វស(ខេមបូឌា) ខមភេនី លីមីធីត ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន មន្រ្តីបច្ចេកទេសរបស់នាយកដ្ឋាន និងមន្ទីរក្រោមឱវាទក្រសួង ព្រមទាំងសិក្ខាកាមជំនាញមកពីវិស័យឯកជនជាច្រើនរូប នៅទីស្ដីការក្រសួងសាធារណការ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងផ្ដល់ឱកាសដល់មន្រ្តីបច្ចេកទេស និងសិក្ខាកាមជំនាញក្នុងវិស័យឯកជន ស្វែងយល់បន្ថែមអំពីបច្ចេកទេសថ្មីៗក្នុងការប្រើប្រាស់ផលិតផលកៅស៊ូ Asphalt សម្រាប់ជាគុណប្រយោជន៍ដល់ការអនុវត្តការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅធានាបាននូវគុណភាពខ្ពស់ មានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងសន្សំសំចៃធនធាន និងថវិកា ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។
នាឱកាសនោះដែរក្រុមហ៊ុន ក៏បានបង្ហាញអំពី Performance Grade-(PG Grade) ដែលជាចំណាត់ថ្នាក់កៅស៊ូថ្មីជំនួសឱ្យ Penetration Grade ជាមួយនឹងរបកគំហើញថ្មីនៃប្រភេទកៅស៊ូ Bitumen(40-50) និង កៅស៊ូ EcoPrime ដែលមានគុណភាពល្អ អាចទប់ទល់ទៅនឹងទម្ងន់ចរាចរណ៍ច្រើនលើសលប់ និងទប់ទល់ជាមួយអាកាសធាតុក្ដៅខ្លាំង បានល្អប្រសើរជាងប្រភេទកៅស៊ូ AC(60-70) ដែលមានអត្ថប្រយោជន៍ដូចជា អាយុកាលគុណភាពផ្លូវវែង កាត់បន្ថយចំណាយក្នុងការជួសជុល និងថែទាំ និងកាត់បន្ថយកម្រាស់កៅស៊ូ ដោយរក្សាបាននូវគុណភាពល្អជាង។
ជាក់ស្ដែងនៅកម្ពុជា ការប្រើប្រាស់ប្រភេទកៅស៊ូ Bitumen(40-50)នេះ បានធ្វើនៅលើគម្រោងមួយចំនួនដូចជា៖ ផ្លូវក្នុងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ព្រលានយន្ដហោះព្រះសីហនុ និងផ្លូវជាតិលេខ៧១C ផងដែរ៕