(ភ្នំពេញ)៖ អ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ បានអញ្ជើញមកពីស្ថាប័ននានា ចំនួនប្រមាណជាង ៣០០រូប បានអញ្ជើញចូលរួមក្នុងសន្និសីទជាតិស្ដីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ «ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ»។
ពិធីបើកសន្និសីទនាថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្តីក្រសួងសុខាភិបាល។
សន្និសីទនេះរៀបចំឡើង ដើម្បីឱ្យអ្នកចូលរួមបានផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍លើ៖ ១) ការអប់រំអន្តរវិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល, ២) ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល, ៣) ការបង្កើតឧបករណ៍វាយតម្លៃ ដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព និង៤) សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។
Dr. Sang Minh Le, Senior Health Specialist, Task Team Leader តំណាងឱ្យធនាគារពិភពលោក និងKfW បានមានចំណាប់អារម្មណ៍ដោយសង្កត់ធ្ងន់លើការគាំទ្រពីធនាគារពិភពលោក និងKfWដល់ក្រសួងសុខាភិបាល ទាំងផ្នែកបច្ចេកទេស និងថវិកា ដើម្បីកសាងសមត្ថភាពជំនាញដល់មន្ត្រីសុខាភិបាលនៅក្នុងវិជ្ជាសុខាភិបាល។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានកោតសរសើរដល់មន្ត្រីសុខាភិបាល និងមន្ត្រីអនុវត្ត និងគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដែលបានខិតខំរៀបចំនូវសន្និសីទដ៏មានសារសំខាន់នេះ ដើម្បីផ្ដល់ឱកាសដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវអ្នកអប់រំវិជ្ជាជីវៈសុខាភិបាល អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិនិងអន្តរជាតិបានជួបជុំគ្នា ដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្ត្រថ្មីៗ ក្នុងការពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា លើសុខមាលភាពប្រជាជនកម្ពុជាទាំងមូល។
ទន្ទឹមនឹងនោះនោះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលបានសហការយ៉ាងល្អជាមួយក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាពសេវាសុខាភិបាល ក៏ដូចជាពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលនៅប្រទេសកម្ពុជាផងដែរ។
លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា សន្និសីទជាតិឆ្នាំ២០២៤ពេលនេះ មានវាគ្មិនមកពីស្ថាប័នដៃគូសហប្រតិបត្តិការសំខាន់ៗ ដែលបានអញ្ជើញចូលរួម មានតំណាងគ្រឹះស្ថានបណ្តុះបណ្តាលរដ្ឋ និងឯកជនមួយចំនួនដូចជា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាម-កំពត-បាត់ដំបង-ស្ទឹងត្រែង ផ្នែកឯកជនមានសាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យពុទ្ធសាស្ត្រ សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យបណ្ដុះបណ្ដាលសុខាភិបាលដទៃទៀត។
ក្នុងពិធីនេះក៏មានការចូលរួមពីដៃគូអភិវឌ្ឍ និងស្ថាប័នអន្តរជាតិដូចជា WB, KFW, ITM, Duke NUS ជាដើម។ ក្នុងរយ:ពេល២ថ្ងៃនេះ អ្នកជំនាញអប់រំវិជ្ជាជីវៈសុខាភិបាល ចំនួន ១៣រូប ក្នុងនោះមានសាស្ត្រាចារ្យជំនាញមកពីបរទេសចំនួន ៦រូប ជាអាទិ៍មកពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី សង្ហបុរី ជប៉ុន និងសហរដ្ឋអាមេរិក ដែលនឹងត្រូវធ្វើបទបង្ហាញ និងពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ទៅវិញទៅមកលើប្រធានបទ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ក្រោមប្រធានបទ «ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាលដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ»។
ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំដោយក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភពីគម្រោងពង្រឹងប្រព័ន្ធអប់រំមុនបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ដោយមានការគាំទ្រពី WB និង KfW៕