សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកក្រគរ ដោយដកហូតបាន ឧបករណ៍នេសាទខុសច្បាប់ជាច្រើន
07-10-2016 12:02
(ពោធិ៍សាត់)៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ សហការជាមួយមន្រ្តីពាក់ព័ន្ធ ចុះបង្រ្កាបបទល្មើសនេសាទ(ឈ្នក់) ជាប្រភេទឧបករណ៍រួមផ្សាំ ដោយរឹបអូសបាននូវវត្ថុតាងតាងយ៉ាងច្រើន យកទៅរក្សាទុកដើម្បី ចាត់ការបន្តតាមនីតិវិធី។
ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ នៅបឹងទន្លេសាបចាប់ពីចំណុចភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច រហូតដល់ភូមិ កំពង់ផ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងធ្វើការបង្រ្កាបបានរួមមាន សាច់ឈ្នក់ចំនួន ១២គ្រឿង អាគុយ១៤ធុង អំពូលភ្លើង១៤អំពូល ដុំភ្លើង(អាំទ័រ)១៤គ្រឿង ខ្សែភ្លើងប្រវែង១៨០ម៉ែត្រ ខ្សែនីឡុងរួមផ្សាំប្រវែង១,៤០០ម៉ែត្រ និងបង្គោលឈើ៥៦ដើម៕