(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាវាគ្មិនកិត្តិយសធ្វើបាឋកថាស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៣៩០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ នៅក្នុងសហសាល និងពីចម្ងាយតាមរយៈប្រព័ន្ធសិក្សា Microsoft Teams។
គួរបញ្ជាក់ថា នៅក្នុងឱកាសដ៏វិសេសវិសាលនេះលោក ប៉ែន បូណា បានអញ្ជើញធ្វើបទបង្ហាញលើប្រធានបទស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន» និងបទបង្ហាញលើប្រធានបទស្តីពី «ភូមិសាស្ត្រនយោបាយ» ដោយ លោក តាន់ ហ្សង់ហ្វ្រង់ស័រ ផងដែរ។
បើតាមការបញ្ជាក់ពីលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាសហអធិបតីក្នុងបាឋកថា ស្តីពី«ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នេះ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។
តាមរយៈវេទិកានេះថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងចក្ខុវិស័យ, ទស្សនាទាន, ឧត្តមានុវត្តលើការដឹកនាំនិងការគ្រប់គ្រងលើវិស័យសាធារណៈ, ការលើកកម្ពស់គុណធម៌ជាមន្ត្រី, ភាពជាគំរូក្នុងការដឹកនាំនិងការបំពេញការងារ, ការងារកែទម្រង់និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោក យក់ ប៊ុនណា បានបញ្ជាក់ទៀតថា កម្មវិធីបាឋកថា តែងបានផ្តល់ឱកាសដ៏វិសេសមួយដល់សិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម បានលើកឡើងនូវសំណួរសំខាន់ៗទៅកាន់វាគ្មិន ដើម្បីទទួលបាននូវពុទ្ធិ គតិបណ្ឌិត វិធីសាស្ត្រល្អៗ ដែលជាធាតុចូលក្នុងការគិតគូររៀប ចំផែនការការងារ គោលនយោបាយ ការពង្រឹងប្រព័ន្ធអភិបាលកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិវត្តកម្មសាធារណៈជាដើម។
នៅក្នុងឱកាសនេះលោករដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា គោលបំណងសំខាន់ៗក្នុងការរៀបចំកម្មវិធីបាឋកថានេះ រួមមាន៖ ទី១៖ ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ ទទួលការណែនាំ ការចែករំណែកនូវចំណេះដឹង និងបទពិសោធន៍ការងារដ៏សម្បូរបែបពីលោករដ្ឋមន្ត្រី ប្រិតភូអមទាំងពីររូបដោយផ្ទាល់។ ទី២៖ ជាសកម្មភាពបុរេសកម្មក្នុងការងារគោលនយោបាយជាតិ ក៏ដូចជាប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ។
ឆ្លៀតក្នុងឱកាសនោះលោក យក់ ប៊ុនណា បានចែករំលែកជូនអង្គពិធីនូវព័ត៌មានមួយចំនួនអំពីបទពិសោធន៍ការសិក្សា និងការងាររបស់លោករដ្ឋមន្ត្រីប្រតិភូអមទាំងពីររូប និងបានសម្តែងនូវសេចក្តីកតញ្ញូដ៏ជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្ត្រីប្រតិភូអម ប៉ែន បូណា និងលោក តាន់ ហ្សង់ហ្វ្រង់ស័រ ដែលបានចូលរួមចែករំលែក និងគាំទ្រដល់ដំណើរការនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាលតាមរយៈបាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» ដែលជាប្រធានបទគន្លឹះមួយក្នុងការសិក្សាស្វែងយល់បន្ថែមផងដែរ៕