(រតនគិរី)៖ ដោយមានការអនុញ្ញាតិពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤, លោកវរសេនីយ៍ឯក សូយ សំណាងអធិការនគរបាលស្រុកអូរយ៉ាដាវ និងលោកវរសេនីយ៍ទោ ហឿង វិច្ឆិកា មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ២០២៣ បានចុះជួបសួរសុខទុក្ខកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលកំពុងមមាញឹកស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចាប់ពីចំណុចប៉ុស្តិ៍អូរយើល (៤០៩) បង្គោលលេខ១០ ស្ថិតក្នុងស្រុកតាវែង ឈមប៉ុស្តិ៍៧០៧ ខាងវៀតណាម។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ ប្រធានក្រុមទី១ កងលេខ៧១៥ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងការដ្ឋាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ថា ក្រុមលោកមានកម្លាំង៧នាក់ ប្រើប្រាស់គ្រឿងចក្រអាអ៊ិចចំនួន ៤គ្រឿង និងអាបុល១គ្រឿង។
លោកអនុសេនីយ៍ត្រី ទេព សុចាន់ បន្តថា គ្រឿងចក្របញ្ជូនមកកាន់តំបន់នេះតាំងពីមុនថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ (២០២៤) មកម្ល៉េះ ប៉ុន្តែរដូវភ្លៀងជោគជាំមិនអាចដំណើរការដ្ឋានបាន លុះដល់ពេលដាច់ទឹកភ្លៀងបណ្តើរៗ ក្រុមការងារ ចាប់ផ្តើមមមាញឹកបញ្ជាគ្រឿងចក្រគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ជាលទ្ធផលទទួលបានប្រមាណ១,៥០០ម៉ែត្រ (មួយគីឡូកន្លះ)។
លោកអនុសេនីយ៍ត្រី ទេព សុខចាន់ បញ្ជាក់ឲ្យដឹងទៀតថា មានបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារស្ថាបនាផ្លូវនៅចំណុចបង្គោលលេខ១០ ជួបប្រទះគឺខាងភាគីវៀតណាមដាក់កម្លាំងតាមដានសកម្មភាព យើងជាប្រចាំផងដែរ៕