(ភ្នំពេញ)៖ អង្គការយុវជនកិច្ចការសង្គម ដែលមានកញ្ញា ធី សុវណ្ណថា ជាប្រធាន បាននឹងកំពុងដំណើរការកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យអន្ដរជាតិមួយ នៅប្រទេសសឹង្ហបុរី ដើម្បីឲ្យមកបើកសាកលវិទ្យាល័យអន្ដរជាតិមួយនេះនៅកម្ពុជា ហើយនឹងជួយផ្ដល់អាហារូបករណ៍ ដល់យុវជនខ្មែរ ដែលនឹងបើកដំណើរការ នៅឆ្នាំ២០១៨ខាងមុខនេះ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា កិច្ចព្រមព្រៀង (MOU) នេះ កំពុងដំណើរការ យើងមិនអាចទាន់និយាយថា ជោគជ័យនោះទេ។ ឥឡូវនេះកំពុងទំនាក់ទំនងសហការ សាកលវិទ្យាល័យល្បីមួយនៅសឹង្ហបុរី ឲ្យគេមកបើកនៅភ្នំពេញ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «អង្គការខ្ញុំ នឹង Cooperate ជាមួយសាកលវិទ្យាល័យល្បី នៅប្រទេស Singapore ដើម្បីបើកសាកលវិទ្យាល័យអន្ដរជាតិមួយ នៅកម្ពុជា និងជួយផ្ដល់អាហារូបករណ៍ ដល់យុវជនខ្មែរ។ គម្រោងនោះនឹងចាប់ផ្ដើមក្នុងឆ្នាំ២០១៨»។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីនេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសនៅលើ Facebook Page ថា កញ្ញា នឹងផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្តសាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមអាហារូបករណ៍ ១០០០កន្លែងរួមមាន៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្ររង២ឆ្នាំ, ៤៩០កន្លែងសម្រាប់សិស្សជាប់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្រ ៤ឆ្នាំ និង២០កន្លែងទៀត សិក្សាលើបរិញ្ញាបត្រសុខាភិបាលពេទ្យ សម្រាប់សិស្សជាប់និទ្ទេស A,B,C, និងD ដោយមានការផ្តល់ជូនកន្លែងស្នាក់នៅ ដោយឥតគិតថ្លៃ៕