(ភ្នំពេញ)៖ ធនាគារឯកទេស «វីង ខេមបូឌា» ដែលជាធនាគារ ផ្តល់សេវាផ្ទេរប្រាក់ល័តដំបូងគេ នៅក្នុងប្រទេសកម្ពុជា បានទទួលពានរង្វាន់ ជាធនាគារឯកទេសផ្នែក សេវាហិរញ្ញវត្ថុចល័ត ឈានមុខគេនៅកម្ពុជា ក្នុងឆ្នំា ២០១៦ ដែលផ្តល់ដោយស្ថាប័ន «Global Business Outlook»។
សេវាហិរញ្ញវត្ថុ បានជះឥទ្ធិពលខ្លំាងបំផុត នៅក្នុងការពង្រីកសក្តានុពល សេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាការជួយកាត់បន្ថយ ភាពក្រីក្រតាមរយៈការជួយពង្រឹង សេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងការឈរលើ ទស្សនៈវិស័យរបស់ខ្លួន «វីង» ទទួលបានស្នាដៃនេះ ក៏ដោយសារតែការផ្តល់ជូន នូវសេវាហិរញ្ញវត្ថុ ដែលមានតំលៃសមរម្យ ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព ជូនដល់ប្រជាជន មិនមានគណនីធនាគារ ដែលភាគច្រើនជាប្រជាជន រស់នៅតាមតំបន់ ដាច់ស្រយាល ដែលការច្រៀតចូល របស់វិស័យធនាគារ នៅតំបន់ទាំងនោះ នៅមានកម្រិតទាបនៅឡើយ។
រង្វាន់នេះ បានបង្ហាញថា «វីង» បានខិតខំយ៉ាងខ្លំាង ដើម្បីកសាងមូលដ្ឋានគ្រឹះ ដ៏រឹងមំាក្នុងការ ជំរុញសេវាផ្ទេរប្រាក់ ទៅកាន់អ្នកដែលមាន ឬក៏គ្មានគណនីធនាគារ។ ជាមួយភ្នាក់ងារ «វីង» ជិត ៥០០០ កន្លែង នៅទូទាំង២៥ខេត្តក្រុង ប្រជាជនកម្ពុជាទំាងអស់ អាចបង់វិក្កយបត្រ ឬទទួលប្រាក់ពីសាច់ញាត្តិ ដែលធ្វើការនៅទីក្រុង ឬក៏ ដាក់ប្រាក់ចូលទៅក្នុងគណនី បានដោយងាយស្រួល។
«រង្វាន់ដែលយើងទទួលបាន នៅថ្ងៃនេះ បង្ហាញថា វីង មិនត្រឹមតែជាធនាគារឈានមុខគេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជាធនាគារឯកទេស ដែលមានទំនុកចិត្ត និងមានផ្តល់សេវាផ្ទេរ ប្រាក់ឈានមុខគេ នៅក្នុងប្រទេសផងដែរ។ លើសពីនេះទៅទៀត នេះគឺជាការឆ្លុះបញ្ចំាង ពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូនសេវាកម្ម ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពបំផុត សម្រាប់ប្រជាជនកម្ពុជា»។ នេះបើយោងតាមប្រសាសន៍ របស់លោក ចូចូ ម៉ាឡូឡូស អគ្គនាយក នៃធនាគារឯកទេស វីង។
លោក បានបន្តទៀតថា «យើងមានគោលបំណង ក្នុងការផ្តល់ជូនអតិថិជន នូវបទពិសោធដ៏ល្អបំផុត នៅក្នុងវិស័យសេវាហិរញ្ញវត្ថុចល័ត ដូចជា ការផ្ទេរប្រាក់ បញ្ជូលលុយទូរស័ព្ទ បង់វិក្កយបត្រ និងសេវាទូទាត់ប្រាក់ តាមអនឡាញជាដើម។ ជាមួយគ្នានេះដែរ វីង មានគោលបំណង ក្នុងការរក្សាកិត្តិនាម ជាធនាគារឯកទេសផ្នែកសេវាហិរញ្ញវត្ថុ ឈានមុខគេ និងល្អបំផុត លើវិស័យផ្ទេរប្រាក់ នៅក្នុងប្រទេសកម្ពុជា»។
គួរបញ្ជាក់ផងដែរថា «Global Business Outlook» គឺជាក្រុមហ៊ុន ដែលមានទីតំាងនៅចក្រភពអង់គ្លេស និងធ្វើការផ្តោតទៅលើវិស័យធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងឧស្សាហកម្មសំខាន់ៗ ផ្សេងៗទៀត៕