(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោយបញ្ចប់កិច្ចប្រជុំការងារប្រចាំថ្ងៃយ៉ាងមមារញឹក បានអញ្ជើញទៅពិនិត្យការសម្អាតស្នឹម ដែលប្រលាក់លើក្រានីត នៅរង្វង់មូលព្រះថោងនាងនាគ។

ក្នុងឱកាសនោះ ក្រោយពីបានពិនិត្យ និងដឹកនាំឲ្យមានការសម្អាតអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនោះ លោកអភិបាលខេត្ត បានស្ងើចសរសើរ និងសូមអរគុណដល់កងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម អាជ្ញាធរមូលដ្ឋាន និងក្រុមការងារដែលបានចូលរួមសហការគ្នា ដោយមិនខ្លាចនឿយហត់ ក្នុងការលាងសម្អាត និងធ្វើអនាម័យបរិស្ថាន ជុំវិញបរិវេណ និងរង្វង់មូលព្រះថោងនាងនាគ។

រូបសំណាក «ព្រះថោងនាងនាគ» គឺជាទីតាំងមួយដ៏ពេញនិយមសម្រាប់បងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពេលដែលបានមកទស្សនា និងលែងកំសាន្ត គឺតែងតែមកថត ជាមួយសាច់ញាតិ គ្រួសារ បងប្អូន ជាកាដូររូបអនុស្សាវរីយ៍ក្នុងទឹកដីខេត្តព្រះសីហនុ។

គូសបញ្ជាក់ដែរថា រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានដំឡើងរួចរាល់ជាស្ថាពរ កាលពីវេលាម៉ោង១២៖៣០នាទីយប់ ចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២កន្លងទៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបសំណាក ព្រះថោងនាងនាគ គឺជារូបបដិមាស្ពាន់ធំជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦.៣៤ម៉ែត្រ ឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃនៅចំកណ្តាលរង្វង់មូលព្រះថោងនាងនាគ ដែលមាបអង្កត់ផ្ចិត ៩៩ម៉ែត្រ ដោយបែរព្រះភ័ក្រ្តឆ្ពោះ ទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀម ទម្លាប់ខ្មែរ៕