(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និង និស្សិតទាំងអស់ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី «ការចូលរួមរបស់និស្សិតក្នុងចលនាទិញ ស្រូវ អង្ករ កម្ពុជាដើម្បី ជួយកសិករខ្មែរ» នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦។
សិក្ខាសាលាខាងលើនេះ រៀបចំឡើង ដោយបានសហការ ជាមួយក្រុមហ៊ុន អេម រុយរ៉ាយស៍ (ខេមបូឌា) ដើម្បីជាចំណែកមួយក្នុងការចូលរួមលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា និងធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និង ធនាគារអភិវឌ្ឍន៍ជនបទបំផុសចលនា «មួយគ្រួសារ ទិញអង្ករខ្មែរមួយបាវ រួមគ្នាជួយកសិករខ្មែរ» ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការគាំទ្រ និង លើកស្ទួយតម្លៃស្រូវ អង្ករ ខ្មែរ ក៏ដូចជាការចូលរួមចំណែកជួយដល់កសិករខ្មែរ។
លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ ថា រាជរដ្ឋថាភិបាលកម្ពុជា បានចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ហើយវិស័យ មួយនេះ ក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាមួយវិស័យមួយចំនួនទៀតដូចជាវិស័យវាយនភ័ណ្ឌ, សំណង់ និង ទេសចរណ៍ ។
ដូច្នេះពិធីនេះ គឺមានសារសំខាន់ណាស់ក្នុងការជួយផ្សព្វផ្សាយ និង ចូលរួមចំណែកដល់កម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់កសិករកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ។ នេះក៏ជាឱកាសមួយសម្រាប់ផ្សារ ភ្ជាប់គ្នារវាងគ្រឹះស្ថានសិក្សា, និស្សិត និង ផ្នែកផលិតកម្ម/ឧស្សាហកម្ម ដែលជាការផ្តល់ឱកាសដល់និស្សិតបានស្វែងយល់ និង បានជ្រួតជ្រាបពីការអនុវត្តការងារធុរកិច្ច, វិនិយោគ ពិសេសការដោះស្រាយបញ្ហាចំពោះមុខជាក់ស្តែង ។
ជាមួយនេះដែរលោកសាកលវិទ្យាធិការរង បានថ្លៃអំណរគុណចំពោះក្រុមហ៊ុន អេមរុយរ៉ាយស៍ (ខេមបូឌា) ដែលបានផ្តល់កិច្ចសហការចូលរួមចំណែកក្នុងការចែករំលែកបទពិសោធន៍ពីសង្វាក់ផលិតកម្មនៃការផលិតអង្ករ ចែកចាយអង្ករ ក៏ដូចជាយុទ្ធសាស្រ្តគ្រប់គ្រងក្រុមហ៊ុនឲ្យទទួលបានជោគជ័យ ជូនដល់និស្សិតសាកលវិទ្យាល័យ ដែលជាការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង លើសពីនេះទៀត លោកជំរុញឲ្យនិស្សិតទាំងអស់ ចូលរួមឲ្យបានកាន់តែសស្រាក់សស្រាំថែមទៀត ក្នុងការជម្រុញចលនាទិញ ស្រូវ អង្ករ កម្ពុជា ដើម្បីជួយកសិករខ្មែរ អោយបានកាន់តែប្រសើរឡើង ។
ឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុយរ៉ាយស៍ (ខេមបូឌា) ជាក្រុមហ៊ុននាំអង្ករខ្មែរចេញទៅបរទេស និងជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសាកលវិទ្យាល័យដំបូងគេដែលបានចូលរួមយុទ្ធនាការជាមួយរាជរដ្ឋាភិបាល និង ធនាគារអភិវឌ្ឍន៍ជនបទលើចលនាគាំទ្រឲ្យនិស្សិត និងប្រជាពលរដ្ឋទូទៅចូលរួមគាំទ្រ ទិញស្រូវ អង្ករ ខ្មែរ ដើម្បីជួយកសិករខ្មែរ ។
ក្នុងនោះដែរ ឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន អេមរុយរ៉ាយស៍ (ខេមបូឌា) បានចែករំលែកនូវបទពិសោធន៏ល្អៗ ស្តីពីដំណើរការគ្រប់គ្រងក្រុមហ៊ុន វិធីសាស្រ្ត ទំនាក់ទំនងដៃគូរពាណិជ្ជកម្មជាតិ និងអន្តរជាតិ ការកំណត់ថ្លៃដើម និងខ្សែសង្វាក់ផលិតកម្ម នៃការផលិតអង្ករខែ្មរ ដល់និស្សិតសាលកវិទ្យាល័យផងដែរ ។
គួររំលឹកផងដែរថា សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានឈ្មាះដើមជាវិទ្យាស្ថានឯកទេសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដំណើរការចាប់ពីឆ្នាំ ២០១១ មក តាមរយៈអនុក្រឹតលេខ ៣១ អនក្រ.បក ចុះថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១១ បានធ្វើបណ្ដុះបណ្ដាលចាប់ពីកម្រិត បរិញ្ញាបត្ររង រហូតដល់បរិញ្ញាបត្រ ជាន់ខ្ពស់ ។ រហូតមកដល់ឆ្នាំ ២០១៥ បន្ទាប់ទទួលបានការទុកចិត្តលើគុណភាពអប់រំលើថ្នាក់ឧត្តមសិក្សា វិទ្យាស្ថានឯកទេសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹតលេខ ១២១ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥ ស្ដីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានឯកទេសសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជាសាកលលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា៕