(ភ្នំពេញ)៖ ស្រាប្រភេទ Cognac (ស្រាគោញាក់) របស់ក្រុមហ៊ុន Martell Heritage មានឈ្មោះថា «Martell» បានបង្ហាញវត្តមានរបស់ខ្លួនហើយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាស្រាមានរសជាតិ ឈ្ងុយឆ្ងាញ់នាំចូលមក ពីប្រទេសបារាំង ជាប្រទេសផលិតស្រា ដ៏ល្បីល្បាញនៅលើពិភពលោក។
ស្រា Martell Noblige បានដាក់បង្ហាញខ្លួន នៅសណ្ឋាគារ សុខាភ្នំពេញ នាយប់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០១៦នេះ ក្រោមវត្តមានរបស់ លោក Jaques MENIER ជានាយក Martell Heritage ដ៏ល្បីល្បាញ និងមានការចូលរួម ពីសំណាក់អតិថិជន ក៏ដូចជាពាណិជ្ជករជាដៃគូជាច្រើននាក់ ដើម្បីស្តាប់ការណែនាំ ពីប្រភេទស្រា Cognac ក៏ដូចជាជាភ្លក្ស នូវរសជាតិស្រាដ៏ល្អនេះ។
លោក Jaques MENIER ជានាយក Martell Heritage ថ្លែងប្រាប់ឲ្យដឹងថា ជាមួយមរតក នៃការផលិតស្រា Cognac ជាង៣០០ឆ្នាំ នៅប្រទេសបារាំង Martell House បានបង្កើតនូវស្រា Cognac ដ៏ប្រណិតឈានមុខគេ ដែលរសជាតិមានការទទួលស្គាល់ថា ល្អវិសេសមែន។ Martell Noblige បានបន្តផលិតតាមបែបប្រពៃណីដើម ដែលចំរាញ់ចេញពីផ្លែទំពាំងបាយជូរ ដាំនៅតំបន់ Cognac។
លោកបន្តថា ពេលយើងស្រង់ក្លិន រសជាតិដ៏ប្រហើរ ពីផ្លែឈើនៅជាប់នឹងច្រមុះរបស់យើង ជាមួយក្លិនឈើ។ Vanilla រសជាតិផ្អែមពីផ្លែទំពាំងបាយជូរ និងក្លិនឈ្ងុយម៉្យាង បានប្រមូលផ្តុំគ្នា នៅក្នុងស្រានេះទាំងអស់។ Martell Noblige បានផ្តល់នូវរសជាតិពិសេស ដែលជាលទ្ធផល នៃការចំរាញ់ចំនួន២លើក។ ជាទូទៅស្រា Cognac មានរសជាតិងាយកត់សម្គាល់ ស្រួលទទួលទាន អាចពិសារលាយជាមួយទឹក ពិសារសុទ្ធ ឬលាយជាស្រាក្រឡុកក៏បាន។
លោក Jaques MENIER បញ្ជាក់ថា ពាក្យ Noblige ត្រូវបានបង្កើតឡើង ដោយ Martell ជាការផ្សំពីភាសាបារាំងចំនួន២ពាក្យ «Noblesse Oblige» ដែលសំដៅ ទៅលើការទទួលខុសត្រូវ ប្រកបដោយកិត្យានុភាព និងអនុភាពនៃវណ្ណៈអភិជន។ វាជាភាពចាំបាច់មួយ ដែលត្រកូលអភិជនបារាំង ត្រូវតែកំណត់នូវក្រមសីលធម៌ និង ធ្វើជាគំរូល្អដល់អ្នកដទៃ។ Martell មានទស្សនៈនេះ តាំងពីដើម ហើយឥឡូវនេះ ក៏ចង់រំឭក និងចែកចាយវាដល់សង្គមបច្ចុប្បន្ន តាមរយៈ Martell Noblige នេះ។
សូមបញ្ជាក់ថា សា្រ Martell Noblige ត្រូវបានច្រកដាក់ក្នុងដបថ្លាឆ្លុះ ហើយរចនាម៉ូត ចេញនូវរូបរាងប្លែក។ វាគឺជាស្រាដែលចំរាញ់ចេញយ៉ាងល្អ និងទាន់សម័យ។ ការរចនាទាំងអស់ វាបង្ហាញពីភាពអស្ចារ្យ ដែលផ្តល់ទំនុកចិត្តដល់អ្នកទទួលទាន ជាពិសេសសំរាប់ប្រទេសកម្ពុជា ដែលចង់សាកនូវអ្វីដែលថ្មី ហើយល្អប្លែក៕