(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅសាលាឃុំវិហារសួរ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឃុំកំពង់ពពិល និងឃុំស្មោងខាងជើង ខេត្តព្រៃវែង។ ឃុំកោងកាង និងឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍បញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការពិនិត្យផ្ទៀងផ្ទាល់លើទិន្នន័យរបស់ខ្លួន និងធ្វើការប្តឹងជំទាស់ ឬតវ៉ា បានចំពោះករណីបាត់ឈ្មោះ ទិន្នន័យមិនច្បាស់លាស់ ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនជាដើម។

សូមជម្រាបជូនថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានការបិទផ្សាយទូទាំងប្រទេស នៅតាមសាលាឃុំ សង្កាត់ ឬទីតាំងណាមួយក្នុងឃុំសង្កាត់ទូទាំងប្រទេស និងក៏អាចពិនិត្យផ្ទៀងផ្ទាល់បានតាមរយៈគេហទំព័រគ.ជ.ប  voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទតាមរយ៖ App NEC KH ផងដែរ៕