(រតនគិរី)៖ កម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងយោធាស្រុកអូរយ៉ាដាវ ចុះរឹបអូសឈើសុក្រំ៦៧ដុំ ដែលក្រុមឈ្មួញដឹកមកគរទុក បម្រុងនាំទៅវៀតណាមតាមផ្លូវទឹក ត្រង់ចំណុចច្រាំងទន្លេសេសាន្ត នៅ១២៖៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ ប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានគំនរឈើនោះ រូបលោកសុំយោបល់ថ្នាក់លើចុះបង្ក្រាប ទាំងយប់តែម្តង ដោយដកហូតបានឈើសុក្រំ៦៧ដុំ ហើយដឹកទៅរក្សាទុក នៅស្នាក់ការរដ្ឋបាលព្រៃឈើបរកែវ។

សូមបញ្ជាក់ថា មួយរយៈពេលនេះ សកម្មភាពក្រុមឈ្មួញដឹកឈើ ទៅវៀតណាមស្ងប់ស្ងាត់ ហើយក្រុមសមត្ថកិច្ចមកពីរាជធានីភ្នំពេញ និងក្នុងខេត្តរតនគិរី ប្រមាណ៥០ស្ថាប័ន ប្រចាំការផ្លូវជាតិលេខ៧៨ ដោយក្រុមសមត្ថកិច្ចខ្លះ ក្រោមលេសដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះនោះ
បច្ចុប្បន្នពុំមានវត្តមានទៀតទេ៕