(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារ បន្តចែកពូជស្រូវដែលជាអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនប្រជាពលរដ្ឋ ១៤៧ គ្រួសារ មកពីឃុំព្រែកកក់ និងឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ក្នុងមួយគ្រួសារ ទទួលបានស្រូវពូជទម្ងន់ ១០០ គីឡូក្រាម ដែលដំណាំស្រូវរបស់ពួកគាត់រងគ្រោះដោយទឹកជំនន់។
ពិធីចែកស្រូវពូជនេះធ្វើឡើងនៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងបរិវេណសាលាស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីលោក ផេង គឹមស៊្រុន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ។
ស្ថិតក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ពោលគឺ សម្តេច គិតអំពីគោលការណ៍ដើម្បីរក្សាឲ្យបាននូវសន្តិសុខស្បៀង កុំឲ្យបងប្អូនរងគ្រោះ នៃគ្រោះមហន្តរាយនេះហើយ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យមានលំនឹង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយក៏បានគិតគូរអំពីការជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ដើម្បីរក្សាឲ្យបងប្អូនធ្វើដំណើរបានដូចមុនៗ ផងដែរ។
ជាពិសេសគឺស្រុកស្ទឹងត្រង់នេះតែម្ដង ដែលល្បីខាងបាក់ច្រាំងទន្លេ។ ដូច្នេះនៅពេលទឹកស្រកអស់ រដ្ឋាភិបាលនិងចាប់ផ្ដើមរៀបចំក្រុមការងារបច្ចេកទេស ដែលមានក្រសួងធនធានទឹក និងឧតុនិយម ចុះមកធ្វើការជួសជុលច្រើនទន្លេជូនបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យមានផ្លូវធ្វើដំណើរបានស្រួលឡើហងវិញផងដែរ៕