(ព្រៃវែង)៖ មន្ទីរសុខាភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ បានបើកយុទ្ធនាការផ្សព្វផ្សាយ អប់រំសុខភាពជូនដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំសម្លាប់មូស ដើម្បីទប់ស្កាត់ការពារជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងទប់ស្កាត់ជំងឺហ្ស៊ីកា(Zika) ដែលជាជំងឺឆ្លងថ្មីមួយ ដែលកំពុងតែរាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីនេះ ។
ដោយមានការណែនាំពីលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយចែកប័ណ្ណព័ត៌មានពីជំងឺហ្ស៊ីកា (Zika) ដល់អ្នកដំណើរឆ្លងកាត់តាមមាត់ច្រកអន្តរជាតិបន្ទាយចក្រី ច្រកកោះរការ ច្រកមុឺនជ័យ ច្រកស្វាយអាង៉ោង ប្រជាពរដ្ឋទូទាំងខេត្តព្រៃវែង និងគ្រូពេទ្យ បុគ្គលិកនៅតាមមន្ទីពេទ្យខេត្ត មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពផងដែរ។
លោកបណ្ឌិត សេងបញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា កន្លងមកនៅប្រទេសកម្ពុជាយើង មិនទាន់មានករណីឆ្លងជំងឺហ្ស៊ីកា (Zika) នេះនៅឡើយទេ ហើយការរៀបចំធ្វើយុទ្ធនាការនាពេលនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋ យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីជំងឺឆ្លង ហ្ស៊ីកា(Zika) ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំអោយកើតមាននៅក្នុងប្រទេសកម្ពុជាយើង។
លោកក៏បានបញ្ជាក់ផលប៉ះពាល់ របស់ជំងឺនេះ ដែលអាចបំផ្លាញ ប្រព័ន្ធប្រសាទទារកក្នុងផ្ទៃឱ្យខុសប្រក្រតី ឬកើតជំងឺនេះ (Zika) អាចបណ្តាលឲ្យទារកកើតមក មានក្បាលតូចខុសធម្មតា។
លោកបណ្ឌិតក៏បានអោយដឹងថា មូសខ្លាជាប្រភពចម្លងជំងឺ(Zika) ដែលមូសខ្លានេះបានធ្វើ សកម្មភាពខ្លាំងបំផុតនៅពេលថ្ងៃ ហើយអាចចម្លងពីម្តាយទៅកូននៅក្នុងផ្ទៃទៀតផង។ ចំពោះរោគសញ្ញានៃជំងឺនេះគឺ ក្តៅខ្លួន រោគសញ្ញាលើស្បែក ដូចជាស្នាមក្រហមអុចនៅលើស្បែក ឈឺសាច់ដុំ សន្លាក់ដៃជើង និងភ្នែកឡើងក្រហម ។ រោគសញ្ញាបន្ទាប់បន្សំ អស់កម្លាំង ឈឺក្បាល និងវិបត្តិផ្លូវរំលាយអាហារ ។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះអនាម័យ ហូបស្អាត រស់នៅស្អាត និងលុបកប់ជម្រកមូសខ្លានៅជុំវិញផ្ទះ ដោយដាក់ថ្នាំអាបែតតាមពាងទឹក ចាក់បំពេញទីកន្លែងដក់ទឹក ត្រូវយកសំបកកង់ម៉ូតូ ឡានចាស់ៗ សំបកកំប៉ុងv សំបកដូង និងសំភារៈផ្សេងៗ ដែលដក់ទឹកបង្កអោយមូសពង និងញាស់កូន យកទៅដុត ឬ កប់ចោល ។ ដើម្បីការពារមូសខ្លាខាំ គឺត្រូវដេកក្នុងមុងស្លៀកពាក់ខោអាវ ឲ្យបានជិតល្អ ។
លោកបណ្ឌិត សេងបញ្ញឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងទៀតថា នេះជាលើកទី៣ហើយ ក្នុងការរៀបចំធ្វើយុទ្ធនាការនេះ ដែលលើកទី១ធ្វើនៅក្រុងព្រៃវែង លើកទី២ធ្វើនៅស្រុកពាមរក៏ទីប្រជុំជនអ្នកលឿងហើយលើកទី៣នេះគឺធ្វើនៅស្រុកស្វាយអន្ទរ ។ យុទ្ធនាការនេះ នឹងធ្វើបន្តអោយបានគ្រប់១៣ក្រុងស្រុកទូទាំងខេត្តព្រៃវែង៕