(ភ្នំពេញ)៖ លោក សុខ ឥសាន តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ហេតុផលដែលគណបក្សប្រឆាំងយកធ្វើជាមូលហេតុដែលថា មានអ្នកគំរាមកំហែង ដើម្បីក្រឡាសជំហររបស់ខ្លួនមិនចូលប្រជុំសភានៅព្រឹកមិញនោះ គឺគ្រាន់តែជាលេសមួយប៉ុណ្ណោះ។ លោកថា នៅកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ គ្មានការគំរាមកំហែង ដូចការលើកឡើងរបស់គណបក្សប្រឆាំងទេ។

ប្រតិកម្មរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលផ្លាស់ប្តូរជំហរឡើងវិញមិនចូលប្រជុំសភាខណៈពួកគេត្រៀមខ្លួនរួចហើយនោះ បានធ្វើសន្និសីទកាសែត ប្រកាសអំពីហេតុផលមិនចូលប្រជុំសភារបស់ខ្លួននាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងនៅក្នុងសន្និសីទនោះថា មូលហេតុដែលក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង​មិនចូលប្រជុំសភានៅព្រឹិកមិញនេះ ដោយសារតែមានការគំរាមកំហែងមកលើក្រុមតំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ហើយបរិកាសនិយបាយ មិនទាន់ល្អ។

លោក យឹម សុវណ្ណ ថ្លែងយ៉ាងដូច្នេះថា «ព័ត៌មានចុងក្រោយ ដែលយើងបានទទួលពីប្រភព ដែលអាចទុកចិត្តបាន គឺមានការគំរាមកំហែងមកលើក្រុមតំណាងរាស្រ្ត និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ យើងបានធ្វើការប្រមែប្រមូលព័ត៌មានព្រឹកមិញ យើងជួបជុំគ្នាយើងធ្វើសេចក្តីសម្រេចរួមគ្នា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិទាំងអស់ នឹងមិនទៅចូលរួមប្រជុំសភានៅថ្ងៃនេះទេ»

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ Fresh News ឱ្យដឹងថា «នេះគ្រាន់តែជាេលសទេ គ្មាននរណាគំរាមកំហែងគាត់ ពេលនេះជីវភាពសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយផ្សេងៗបានគ្របដណ្តប់ដោយសន្តិភាព សេរីភាពនយោបាយ ដូច្នេះគ្មាននរណាទៅគំរាមកំហែងគាត់ អាហ្នឹងគាត់លើកឡើងគ្រាន់តែជាលេសដើម្បីបំភ័ន្តមតិសាធារណៈ។ នេះគឺជាចេតនារបស់គាត់មិនចង់ចូលសភា ដើម្បីធ្វើការបម្រើម្ចាស់ឆ្នោត»។

លោក សុខ ឥសាន បានបន្ថែមថា​ ទោះជាយ៉ាងណា ដំណើរការអនុម័តច្បាប់នៅក្នុងរដ្ឋសភា មិនមានការជាប់គាំងទេ គឺនៅតែអាចដំណើរការធម្មតា ព្រោះតែការអនុម័តច្បាប់ត្រូវការសំឡេង៥០បូក១ នៅក្នុងរដ្ឋសភាប៉ុណ្ណោះ ហើយពេលនេះសំឡេងគណបក្សប្រជាជនកម្ពុជា មានច្រើនជាង៥០បូក១ទៅទៀត។


សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៧ សម្រាប់នីតិកាលទី៥ ​ ដោយមានរបៀបវារៈចំនួន៨ នឹងត្រូវពិភាក្សា​និងអនុម័ត បន្ទាប់ពីវ៉ាកងអស់រយៈពេល៣ខែ៕