(ក្រចេះ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តក្រចេះ ដើម្បីស្តាប់នូវរបាយការណ៍ វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
លោករដ្ឋមន្ត្រីក៏លើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឦសាន្ត ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នាឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួនផងដែរ៕