(ភ្នំពេញ)៖ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា កម្ពុជាជាប្រទេសមួយមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់។ កត្តាទាំងនេះ បានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។
ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានគូសរំលេចបែបនេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើបដែលការណ៍នេះជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាងមូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។
សម្ដេចបវរធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតមជ្ឈមមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យាក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជាចាប់យកជំនាញឌីជីថល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕