(ឥណ្ឌូនេស៉ី)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួុយ លោកបណ្ឌិត Hidayat Nur Wahid អនុប្រធានព្រឹទ្ធសភា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅវិមានព្រឹទ្ធសភាឥណ្ឌូនេស៊ី ក្នុងទីក្រុងហ្សាកាតា។

ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមអបអរសាទរពិធីស្បថចូលកាន់តំណែងលោក Prabowo Subianto ប្រធានាធិបតីទី៨ នៃសាធារណៈរដ្ឋឥណ្ឌូនេសុី នៅទីក្រុងហ្សាកាតាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងជម្រាបជូន អនុប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី ពីវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

លោកបណ្ឌិតបន្តថា សហគមន៍ឥស្លាមកម្ពុជាត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមចំណែកការងារជាថ្នាក់ដឹកនាំនៅក្នុងបណ្តាស្ថាប័ន នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី បានរំលេចដែរថា បច្ចុប្បន្នស្ថាប័នព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ មានសមាជិកចំនួន ៦២ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៥ រូប ដោយក្នុងចំណោម៥ រូបនេះ ក៏មានស្ត្រី ១ រូបផងដែរ។ ចំណែកសមាជិករដ្ឋសភា មានចំនួន ១២៥ រូប ក្នុងនោះមានថ្នាក់ដឹកនាំឥស្លាមចំនួន ៦រូប ស្រី១ រូប។

ជាមួយគ្នានេះ អនុប្រធានព្រឹទ្ធសភា បានលើកឡើងថា កាលពីឆ្នាំ២០១៤ លោកបានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ហើយបើប្រៀបធៀបកម្ពុជាពេលនោះ និងពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងធ្វើឲ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកជម្រាបផងដែរថា នៅឥណ្ឌូនេស៊ីអាណ្តិត ២០២៤-២០២៩ មានសមាជិកព្រឹទ្ធសភា ៧៣២នាក់។

លោកបណ្ឌិត បានកោតសរសេីរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសាសនិកឥស្លាមនៅកម្ពុជា ដែលជាគំរូដល់ថ្នាក់ដឹកនាំប្រទេសដទៃទៀត​។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងលោកបណ្ឌិត Hidayat Nur Wahid អនុប្រធានព្រឹទ្ធសភា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានស្គាល់គ្នា និងធ្លាប់ធ្វើការជាមួួយគ្នាជាយូរមកហើយ ព្រោះលោកទាំង២ជាសមាជិកនៃអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA)។

សូមជម្រាបថា ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ជាមួយភាគីឥណ្ឌូនេស៊ី ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ក្នុងនោះលោកបានជួបពិភាក្សាការងារ ជាមួយ ស្ថាប័នរដ្ឋ និងអង្គការសមាគមធំៗ មានដូចជា លោកបណ្ឌិត Hidayat Nur Wahid អនុប្រធានព្រឹទ្ធសភា នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី អង្គការឥស្លាម Muhammadiyah អង្គការ និងឥស្លាម Nahdlatul Ulama សភាពាណិជ្ជកម្មឥណ្ឌូនេស៉ី និងស្ថាប័ឯកជនផងដែរ៕