(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា ឣភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីការពង្រឹងកិច្ចការងាររបស់គណៈបញ្ជាការឯកភាពខេត្ត និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នានា ក្នុងពិធីបុណ្យអុំទូកខ្នាតអន្តរជាតិ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ ដល់ ២៧ ខែតុលា ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីសំណាក់គណៈអភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត កងរាជឣាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកឣភិបាលក្រុង ស្រុក និងលោកប្រធាន អនុប្រធានមន្ទីរឣង្គភាពពាក់ព័ន្ធ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូប កិច្ចប្រជុំនេះប្រព្រឹត្តទៅសាលប្រជុំតូចសាលាខេត្ត។
លោក សរ សុពុត្រា ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការ អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” នៅតាមក្រុង/ស្រុក នានាក្នុងខេត្តស្ទឹងត្រែង ពិសេសកិច្ចការចំពោះមុខ លោកអភិបាលខេត្ត ជំរុញបន្ថែមដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមលក្ខណៈរួចរាល់ក្នុងការរៀបចំការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់ នានា ក្នុងពិធីបុណ្យអុំទូក ខ្នាតអន្តរជាតិ ដែលប្រព្រឹត្តទៅ នាថ្ងៃទី២៦ ដល់ ២៧ ខែតុលា ឆ្នាំ២០២៤នេះផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបូកសរុបនៃកិច្ចប្រជុំ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានអនុវត្តកន្លងមកដោយយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយការ ទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមកដោយទទួលបានលទ្ធផលល្អប្រសើរ។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់ លោក សរ សុពុត្រា បានបន្ត ប្រគល់រថយន្ត Mini-Bus ម៉ាក JMMC CO-STAR ពណ៌បៃតង (GREEN) ដល់អង្គភាពចំនួន៩ ក្នុងខេត្ត រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងរដ្ឋបាលក្រុង ស្រុកទាំង៦ ដើម្បីប្រើប្រាស់ក្នុងការបម្រើសេវា និងអនុវត្តមុខងារផងដែរ៕