(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបង បានណែនាំនិងជំរុញឲ្យអាជ្ញាធរមូលដ្ឋានបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត និងបន្ដយកចិត្តទុកដាក់បន្ថែមទៀតពីការងារបុណ្យជាតិសំខាន់ៗ នាពេលខាងមុខនេះ។
ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្តបាត់ដំបងប្រចាំខែឧសភា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់អភិបាលរងខេត្ត កងកម្លាំង អភិបាលក្រុង-ស្រុក មន្ទីរជំនាញនានាជុំវិញខេត្ត។
ក្នុងកម្មវិធីនេះ មន្ទីរជំនាញបានឡើងរាយការណ៍ទៅតាមជំនាញរបស់ខ្លួន និងអំណានរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមន្រ្តីលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្តីពីលទ្ធផល និងសកម្មភាពដែលបានកើតមានឡើងក្នុងខេត្តប្រចាំខែតុលា ឆ្នាំ២០២៤ កន្លងមក ដើម្បីឆ្លងរបាយការណ៍។
លោក សុខ លូ បានឯកភាពលើរបាយការណ៍របស់លេខាធិការដ្ឋានគណៈបញ្ជាឯកភាពរដ្ឋបាលខេត្ត និងសេចក្តីរាយការណ៍របស់មន្ទីរជំនាញមួយចំនួនដែលបានលើកឡើងក្នុងកិច្ចប្រជុំ និងបានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានក្រុង ស្រុក បន្តរឹតបន្តឹងទប់ស្កាត់បទល្មើសផ្សេងៗនៅតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ។
លោកអភិបាលខេត្តបានបញ្ជាក់ថា នៅក្នុងខែតុលាថ្មីៗនេះ ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អបអរថ្ងៃចេញព្រះវស្សាកន្លងទៅនេះ យើងបានសង្កេតឃើញថា ក្រុមការងារ គណ:កម្មការ និងអនុគណ:កម្មការ កងកម្លាំងរៀបចំប្រណាំងទូករយៈពេល២ថ្ងៃនេះបានទទួលជោគជ័យ ព្រមទាំងមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តបានជាង១លាននាក់មានការកើនឡើង លើសពីការរំពឹងទុកនិងគួរឲ្យកត់សម្គាល់។លោកបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្តបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ធ្វើឲ្យមុខមាត់ខេត្តយើងទទួលបានការគាំទ្រច្រើនពីសំណាក់ថ្នាក់ដឹកនាំកំពូល និងមហាជនជាច្រើនផងដែរៗ។
លោកបានបញ្ជាក់ថា នាពេលខាងមុខនេះ នៅមានកម្មវិធីបុណ្យជាតិសំខាន់ៗជាច្រើនជាប់ៗគ្នា ដែលថ្នាក់ជាតិនិងថ្នាក់ខេត្តមានការមមាញឹក កែសម្រួល តុបតែង លម្អ ទីតាំងក្នុងក្រុងនិងកន្លែងសំខាន់ៗផ្សេងៗ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ព្រឹត្តការណ៍នៃបុណ្យប្រពៃណីជាតិខ្មែរធំៗ និងជិតមកដល់ដូច្នេះខេត្ត យើងរៀបចំក្រុមការងារបន្តតុបតែងលម្អទីក្រុង ត្រៀមទុកសម្រាប់រៀបចំព្រឹត្តការណ៍នីមួយៗឲ្យបានល្អនិងទទួលបានជោគជ័យ បង្កលក្ខណៈជូនប្រជាពលរដ្ឋបានសប្បាយរីករាយផងដែរ។
សូមបញ្ជាក់ថា កម្មវិធីដែលយើងត្រូវត្រៀមធ្វើនិងជិតដល់ថ្ងៃហើយនោះមាន៖
* កម្មវិធីបុណ្យកឋិនដង្ហែទៅកម្ពុជាក្រោម
* ការងាររៀបចំវេទិការាជរដ្ឋាភិបាល
* ការងាររៀបចំពិធីខួបគ្រោងរាជសម្បត្តិរបស់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា
* បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៤
* ពិធីបុណ្យដាល់អំបុកតាមប្រពៃណីបុរាណ
* ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌(សម្រាប់ទទួលថវិកាមនុស្សធម៌យកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ)
* ការរៀបចំបុណ្យឆ្លងឆ្នាំសកល
* និងការតាំងពិព័ណ៌ម្ហូបអាហារអ្នកខេត្តបាត់ដំបងជាដើម។ល៕