(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការបង្ក្រាប ក្រុមចោរឆក់ចំនួន៥នាក់ ដែលធ្វើសកម្មភាព៥ករណីនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន៥នាក់ នៅចំណុចខុនដូឈ្មោះជ័រអឺហ្គាឌិន សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន៥ករណី៖
*ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២៧១ ភូមិ០១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤
*ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយចំហៀង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសសម្រាកនៅមន្ទីរពេទ្យ) ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤
*ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
*ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤
*ករណីទី៥៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃថ្ងៃមិនចាំ ខែសីហា ឆ្នាំ២០២៤។
ដោយឡែក ជនសង្ស័យទាំង៥នាក់រួមមាន៖ ឈ្មោះ ហឿន សីហា ហៅដូច (ធ្លាប់ជាប់ពន្ធនាគារ), ឈ្មោះ វ៉ាន់ សាក់បញ្ញា ហៅហ្វីញ្ញា (ធ្លាប់ជាប់ពន្ធនាគារ), ឈ្មោះ រដ្ឋា ខ្វាន់អ៊ូ ហៅអ៊ូ, ឈ្មោះ ចេក សម្បត្តិសត្យា ហៅជា សីហា (ធ្លាប់ជាប់ពន្ធនាគារ) និងឈ្មោះ ម៉ៅ ចំរើន ហៅយ៉ា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕