(កំពត)៖ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីផ្សោតពណ៌ផ្កាឈូកជាច្រើននៅលើបណ្ដាញសង្គម ពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ពេលនេះចំនួនភ្ញៀវទៅកម្សាន្តជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន២ថ្ងៃ។
តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូកនៅតំបន់នេះ បានកើនឡើងដល់ ៧០ក្បាល ផ្សោតក្បាលត្រឡោកពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹកស្នាក់នៅអចិន្ត្រៃយ៍ចំនួន ១ក្បាល។
ជាមួយគ្នានេះ លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុនយ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោតមានចំនួនច្រើន»។ លោកបានបន្តថា ចំពោះការកក់ទូក ខ្ចុះ និងម្ហូបអាហារសម្រាប់ទទួលទាន ភ្ញៀវទេសចរអាចទាក់ទងតាមលេខទូរសព្ទ៖ ០៨៩ ២១៩ ៥២៤។
លោកប្រធានសហគមន៍ បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដែលបានជួយការពារបង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រជាចំណីរបស់សត្វជ្រូកទឹក។
ជាថ្មីម្ដងទៀត លោកបានបន្ថែមថា សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្ដរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា «មានហូប មានបាន មានប្រើ និងមានរហូត»៕