(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជុំវិញការបង្ហោះខ្លឹមសារមួយនៅតាមបណ្ដាញសង្គមថា មានហេតុការណ៍ បាញ់ប្រហារគ្នានៅផ្លូវជាតិលេខ៥ ម្ដុំវត្តឧដុង្គ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដែលហេតុការណ៍ ជាប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតរបស់កម្លាំងនគរបាលស្រុកពញាឮ។
ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានរៀបរាប់ថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានស្រាវជ្រាវករណីខាងលើទទួលបានលទ្ធផលដូចខាងក្រោម៖
នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣៦នាទី លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីអធិការរងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺថា មានករណីចាប់ជំរិតមនុស្សនៅចំណុចក្បែរអាហារដ្ឋាន យីហោ ជំនោជើងភ្នំឧដុង្គ ក្នុងភូមិសាស្រ្តភូមិចេតិយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ ចុះទៅពិនិត្យទីតាំងកើតហេតុខាងលើ បានឃើញរថយន្តចំនួន២គ្រឿង ម៉ាក ALPHARD ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9081 ០១គ្រឿង និង ម៉ាក ALPHARD ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7571 ០១គ្រឿង កំពុងឈប់ចតនៅក្នុងឃ្លាំងទុកចោល ក្បែរផ្លូវជាតិលេខ៥ និងបានឃើញមនុស្សរត់ចេញពីក្នុងរថយន្ត ចំនួន៣នាក់ រត់សំដៅទៅវាលស្រែខាងត្បូងកន្លែងកើតហេតុ។
បន្ទាប់មកកម្លាំងបានចូលទៅពិនិត្យក្នុងរថយន្ត បានឃើញជនរងគ្រោះចំនួន២នាក់ ឈ្មោះ នូ នុងគ័ង ភេទប្រុស ជនជាតិចិន បច្ចុប្បន្នស្នាក់នៅក្នុង កាស៊ីណូលីម៉ាកាវ ខេត្តស្វាយរៀង (កំពុងអង្គុយក្នុងឡាន ពណ៌ស ស្ថានភាព ដៃជាប់ខ្នោះ ចងភ្ជាប់និងដៃកាន់ក្នុងឡាន និងជើងទាំង២ជាប់ចំណង) និងឈ្មោះ ម៉ៅ ភក្តី ហៅភ័ក្រ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរអ្នកបើកបរ មានទីលំនៅភូមិ ស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អង្គុយក្នុងរថយន្តក្នុងស្ថានភាព ដៃជាប់ខ្នោះ)។
ក្នុងពេលនោះ កម្លាំងពាក់ព័ន្ធមួយចំនួន បានតាមស្វែងរកជនសង្ស័យ បន្ទាប់មកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យដែលបានរត់ចេញពីរថយន្ត បានចំនួន៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ AMANBEK ZHAIDER ភេទប្រុស ជនជាតិ KAZAKHSTAN
*ទី២៖ ឈ្មោះ MUZBOLAT ភេទប្រុស ជនជាតិ KAZAKHSTAN
*ទី៣៖ ឈ្មោះ AMAN SYRLYBAY ភេទប្រុស ជនជាតិ KAZAKHSTAN។
ចំពោះប្រតិបត្តិការនេះកម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឲ្យរត់ ចំណែកជនសង្ស័យពុំមានអាវុធបាញ់មកលើកងកម្លាំងវិញនោះទេ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កម្លាំងជំនាញកំពុងបន្តអនុវត្តតាមនីតិវិធី៕