(រ៉ូម)៖ ប្រមុខដឹកនាំបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិលោក បាន គីមូន បានថ្លែងនៅថ្ងៃសុក្រនេះថា ការជ្រើសរើសលោក Antonio Guterres ដែលជាអតីតនាយករដ្ឋមន្រ្តី ព័រទុយហ្គាល់ ធ្វើជាប្រមុខដឹកនាំថ្មី នៃអង្គការសហប្រជាជាតិ (UN) គឺជាជម្រើសដ៏ល្អឥតខ្ចោះមួយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០១៦។
ការកោតសរសើរបែបនេះរបស់លោក បាន គីមូន ត្រូវបានធ្វើឡើងនៅក្នុងជំនួបក្រៅផ្លូវការមួយ ជាមួយនឹងប្រធានាធិបតីអ៊ីតាលីលោក Sergio Matterella ដោយលោកបាននិយាយប្រាប់ អ្នកសារព័ត៌មាននានាដូច្នេះថា «ខ្ញុំស្គាល់លោក Guterres ច្បាស់ណាស់ ហើយខ្ញុំចាត់ទុកលោកថា ជាជម្រើសដ៏សក្តិសមបំផុត សម្រាប់តំណែងជាប្រមុខដឹកនាំអង្គការសហប្រជាជាតិ»។
លើសពីនេះទៀតប្រមុខដឹកនាំបច្ចុប្បន្នរូបនេះ ក៏បានសង្កត់ធ្ងន់ថា បទពិសោធន៍របស់លោក Guterres ជាអតីតនាយករដ្ឋមន្រ្តី ព័រទុយហ្គាល់ ព្រមទាំងចំណេះដឹងដ៏ធំទូលាយលើកិច្ចការពិភពលោក និង ភាពឆ្លាតវៃដ៏រស់រវើក នឹងធ្វើឲ្យលោកកាន់តួនាទីយ៉ាងល្អ ក្នុងការដឹកដឹកនាំអង្គការសហប្រជាជាតិ នៅសម័យកាលដ៏សំខាន់នេះ។
គួរបញ្ជាក់ថា លោក Antonio Guterres នឹងឡើងកាន់តំណែងជាអគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បន្តពីលោក បាន គីមូន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ តទៅ៕