(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ចូលរួមអបអរសាទរដល់ខួប លើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ - ថ្ងៃទី ២៣ តុលា ឆ្នាំ២០២៤)។ គណបក្សរាជានិយមនេះ បានអះអាងថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ បានចាក់គ្រឹះសម្រាប់សន្តិភាព ការបង្រួបបង្រួមជាតិ និងស្ថិរភាពនៅកម្ពុជា បន្ទាប់ពីជម្លោះដ៏រាំរ៉ៃជាច្រើនឆ្នាំ ដែលបានបំផ្លាញប្រទេស និងបន្សល់ទុកនៅសោកនាដកម្មយ៉ាងសោកសង្រេងរកទីបំផុតគ្មាន។
គណបក្សហ៊្វុនស៊ិនប៉ិច បានបន្តថា៖ «តាមរយៈកិច្ចព្រមព្រៀងសន្តិភាពនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមថ្លែងព្រះរាជអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមសម្ដែងនូវការដឹងគុណជានិច្ច ចំពោះព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធក្នុងកិច្ចចរចាទាំងអស់។ កិច្ចព្រមព្រៀងនេះមិនត្រឹមតែបានបញ្ចប់សង្គ្រាមស៊ីវិលប៉ុណ្ណោះទេ ថែមទាំងបានបើកទំព័រថ្មីនៃក្ដីសង្ឃឹមសម្រាប់ប្រជារាស្ត្រខ្មែរ ដោយផ្តល់នូវផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាព»។
សេចក្តីថ្លែងការណ៍បានបន្តទៀតថា ក្នុងនាមជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្រ គណបក្សហ៊្វុនស៊ិនប៉ិច បានដើរតួនាទីក្នុងដំណើរឆ្ពោះទៅរកសន្តិភាពរបស់ប្រទេសកម្ពុជានាពេលកន្លងមក បច្ចុប្បន្ននេះក្រោមព្រះកិច្ចដឹកនាំដ៏អង់អាចក្លាហានរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សនៅតែប្តេជ្ញារក្សាតម្លៃសេរីភាព សិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងបន្តគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយ៉ាងខ្ជាប់ខ្ជួនបំផុត៕