(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន X Capital បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅរមណីយដ្ឋានអង្គរ ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែទូលំទូលាយ។
ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital Investment ដោយមានតំណាងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតចូលរួមផងដែរ។
លោក ហង់ ពៅ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានត្រៀមក្នុងកិច្ចសហការនានាជាមួយក្រុមហ៊ុន X Capital ដើម្បីជំរុញការផ្សព្វផ្សាយរមណីយដ្ឋានអង្គរទៅភ្ញៀវទេសចរចិន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ដែលអាជ្ញាធរជាតិអប្សរាបានធ្វើទាំងលើការងារអភិរក្ស និងអភិវឌ្ឍន៍ ក៏ដូចជាការផ្សព្វផ្សាយរមណីយដ្ឋានអង្គរឱ្យមាននិរន្តរភាព និងគង់វង្សតទៅអ្នកជំនាន់ក្រោយ។
លោកស្រី អៀ សុភា អភិបាលក្រុមហ៊ុន X Capital បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុននិងប្រឹងប្រែងលើការជំរុញការផ្សព្វផ្សាយនេះឱ្យបានល្អ ក្នុងនោះមានការផលិតវីដេអូឯកសារ រួមនឹងការតាំងពិព័រណ៍ផ្សេងៗ ក្នុងន័យទាក់ទាញទេសចរចិនមកកាន់តំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ លោកស្រីអភិបាលក្រុមហ៊ុនក៏នឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា មុននឹងផលិតវីដេអូ ឬការផ្សព្វផ្សាយនានា ដើម្បីឱ្យការផលិតស្របតាមគោលនយោបាយផ្សព្វផ្សាយពីតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ៕