(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំបានរៀបចំបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកស្ទោង ក្រោមអធិបតីភាពលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋប្រមាណ៥០០នាក់។
លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា វេទិកាសាធារណៈនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
លោក នួន ផារ័ត្ន បានថ្លែងថា អង្គវេទិកាសាធារណៈនេះមានគោលបំណងដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលប្រទេសកម្ពុជាអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អត្ថន័យសំខាន់វេទិកាសាធារណៈនេះ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឲ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិការក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុងស្រុកទាំងអស់ ដើម្បីស្ដាប់ ទទួលយកនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នាពេលនេះមានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន៧សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន២៥សំណួរ ដោយផ្តោតទៅលើបញ្ហាហេដ្ឋារចនាសម្ពន្ធ (ផ្លូវថ្នល់) អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) អគ្គិសនី ប្រព័ន្ធធារាសាស្ត្រ ដីធ្លី (ដីស្រែប្រាំង និងតំបន់បី) ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឲ្យអស់កង្វល់ដែលប្រជាពលរដ្ឋមានទុក្ខកង្វល់កន្លងមកឲ្យបានកាន់តែយល់ច្បាស់ផងដែរ៕