(ព្រះវិហារ)៖ កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ប្រវែង៩២.២គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាតដោយកន្លែងនារដូវវស្សាកន្លងមក ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ ធ្វើការជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។
ក្នុងឱកាសចុះពិនិត្យសកម្មភាពការងារជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៩២ និង៩៤ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា៖ «នៅក្នុងរដូវវស្សាឆ្នាំនេះដោយសារស្ថានភាពទឹកភ្លៀងធ្លាក់ជោគជាំខ្លាំង បានធ្វើឱ្យផ្លូវថ្នល់របស់យើងមួយចំនួនរងការខូចខាតដោយកន្លែង ដែលជាមូលហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗផងដែរ»។
ប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយរដូវវស្សាកន្លងផុត ភ្លៀងចាប់ផ្តើមរាំងភ្លាម ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះធ្វើសកម្មភាពយ៉ាងផុលផុសគ្រប់ផ្លូវទាំងឡាយណាដែលគ្រប់គ្រងដោយមន្ទីរ ដោយធ្វើការជួសជុល ថែទាំឡើងវិញ ធ្វើយ៉ាងណាមិនឱ្យមានគ្រលុក និងសំបុកមាន់ សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី បានឱ្យដឹងថា កំណាត់ផ្លូវជាតិដែលមន្ទីរបានធ្វើការជួសជុលថែទាំឡើងវិញរួចរាល់នោះរួមមាន៖ កំណាត់ផ្លូវជាតិលេខ៩៤ ពីតំបន់ឧទ្យានជាតិតេជោ សែន ឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅមួយ ព្រំដែនឡាវ កំណាត់ផ្លូវជាតិលេខ៦៤ ព្រំប្រទល់ព្រះវិហារ-សៀមរាប ដល់ថ្នល់បំបែកស្រុកគូលែន កំណាត់ផ្លូវជាតិលេខ៦២ ពីភូមិអូរទ្រលោក ដល់ភូមិគ១ ជើងភ្នំប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត និងថ្ងៃនេះកំណាត់ផ្លូវជាតិលេខ៩២ ព្រំប្រទល់ព្រះវិហារ-ស្ទឹងត្រែង កំពង់ស្រឡៅពីរ ស្រុកឆែប ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត។
លោក សំ លាងទ្រី បានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ តែងបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើរនិងដឹកជញ្ជូនកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាផ្លូវថ្នល់របស់ដើម្បីឱ្យការប្រប្រាស់បានយូរអង្វែង ដោយកុំដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ កុំយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីលុបលូ លុបប្រឡាយ និងចាក់ដីខ្ពស់ជាងផ្លូវ៕