(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បាននាំយកស្រូវពូជជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនប្រជាកសិករចំនួន១១៣គ្រួសារ នៅឃុំម្សាក្រង និងឃុំកំពង់ចិនត្បូង ដើម្បីដាំស្តារឡើងវិញក្រោយទឹកស្រក។
នាឱកាសនោះដែរ លោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង គ្រប់ពេលវេលា ជាពិសេសប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗនេះ។
លោកអភិបាលស្រុកក៏បានណែនាំដល់កសិករត្រូវធ្វើការព្រោះស្រូវមិនប្រកាន់រដូវដោយផ្អែកលើមូលដ្ឋានរដូវកាល និងតាមដានអាកាសធាតុឱ្យបានជាក់លាក់ជាពិសេស ព្រមទាំងមានការថែទាំឱ្យបានដិតដល់ដើម្បីជៀសវាងនូវហានិភ័យផ្សេងៗជាពិសេសគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។
ប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងអាជ្ញាធរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភស្រូវពូជសម្រាប់ពួកគាត់ដាំស្តារជាការទ្រទ្រង់ និងជួយបង្កើនសេដ្ឋកិច្ច ជីវភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា ត្រូវពូជដែលចែកជូននៅក្នុងឱកាសនេះមានចំនួន ១១,៣០០គីឡូក្រាម ត្រូវជា ១១៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានពូជស្រូវ ១០០គីឡូក្រាម៕