(កំពង់ធំ)៖ នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ស្ថិតក្នុងបរិវេនសាលាស្រុកសណ្តាន់ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤, លោក អ៉ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញឱ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែដោះស្រាយបញ្ហាឱ្យចំគោលដៅជូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបនូវសំណើសំណូមពរនានាដល់សហគមន៍ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធក្នុងការបំភ្លឺអំពីបញ្ហានានាជាក្តីកង្វល់ និងតម្រូវការជាអាទិភាពជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន រកដំណោះស្រាយឱ្យបានសមស្រប ឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
ពិធីនេះមានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្ត ប្រធានមន្ទីរជំវិញខេត្ត លោកអភិបាលស្រុកសណ្តាន់ អភិបាលរងស្រុក មន្ត្រីរាជការ ឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក អ៉ឹម សារឿន បានលើកឡើងថា វេទិកានេះ ធ្វើឡើងដើម្បីបានពិភាក្សា និងពិគ្រោះយោបល់ ជាមួយអ្នកចូលរួមបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់មួយចំនួនសម្រាប់ឱ្យរដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ បន្តអនុវត្តដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលលើការអភិវឌ្ឍក្រុង ស្រុក និងឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរឡើងក្នុងគោលបំណងពង្រឹងយន្តការបង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
លោកបានបន្តថា លើសពីនេះទៀតត្រូវកែលម្អការផ្តល់សេវាសាធារណៈរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់អាចឆើតបទៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។
លោកបន្ថែមថា ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ កាន់តែល្អប្រសើរ រាល់បញ្ហាអាទិភាព និងការផ្តល់មតិយោបល់ទាំងអស់រដ្ឋបាលខេត្ត និងពិចារណាដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ក្នុងវេទិកានោះមានការទទួលសំណូមពរចំនួន២២ និងសំណួរចំនួន១ ដែលផ្ដោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ធារាសាស្ត្រ អប់រំ និងសុខាភិបាល៕